
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមអង្វរករយ៉ាងទទូចដល់បងប្អូនជនរួមជាតិទាំងអស់ មិនថាមកពីសាសន៍ណា សាសនាណា ឬគណបក្សនយោបាយណានោះឡើយ គប្បីអញ្ជើញទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នូវដូសទី៣ឲ្យបានគ្រប់ៗគ្នា ខណៈបងប្អូនទទួលបាននូវដូសទី៣រួច គប្បីបន្តទៅចាក់ដូសទី៤ទៀត ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ឲ្យកាន់តែប្រសើបន្ថែមទៀត។
តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិនារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ បងប្អូនជនរួមជាតិ ចំនួនប្រាំលាននាក់ទៀត ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដូសទី៣ ដូច្នេះសូមអញ្ជើញបងប្អូនទាំងអស់ប្រញ៉ាប់រួសរាន់ទៅចាក់ឲ្យបានឆាប់ ខណៈសម្តេចបានបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់បង្ករលក្ខណៈងាយស្រួល និងបង្កើតក្រុមចាក់វ៉ាក់សំាងឲ្យដល់តាមភូមិ ឬនៅតាមមូលដ្ឋានផ្ទាល់របស់បងប្អូនតែម្តងនោះ។
តាមរយៈសារសំឡេងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យអាជ្ញាធរធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ចំពោះតំបន់ ឬក៏ភូមិណា ដែលបងប្អូនប្រជាពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ នឹងត្រូវបញ្ជូន ឬពង្រាយក្រុមគ្រូពេទ្យយកវ៉ាក់សាំងចូលទៅចាក់ដល់កន្លែងនោះ ឬក៏តំបន់នោះតែម្តង។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវអារម្មណ៍ខ្វល់ខ្វាយនៅឡើយផងដែរ ដោយសម្តេចបានបញ្ជាក់ថា សម្តេចផ្ទាល់ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា នៅតែបន្តមានកង្វល់ខ្វល់អំពីសុខភាពរបស់បងប្អូនជនរួមជាតិដដែល ខណៈសព្វថ្ងៃនេះពិភពលោកបានកំពុងលិចនូវវត្តមានមេរោគដ៏ច្រើនទៀតព្រមៗគ្នា ដូច្នេះហើយជម្រើសដ៏ល្អបំផុតនោះមានតែបងប្អូនជនរួមជាតិទាំងអស់នាំគ្នាទៅចាក់វ៉ាក់សាំងបង្ការឲ្យបានគ្រប់គ្នា ខណៈសម្តេចក៏ទើបតែចាក់វ៉ាក់សាំងការពាររលាក់សួតរួចនាពេលថ្មីៗនេះផងដែរនោះ៕ អត្ថបទ៖ បាន ចក់