ភ្នំពេញ ៖ ម៉ាកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន៦ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២បានចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាពាណិជ្ជកម្មមួយក្នុងចំណោមពាណិជ្ជកម្មទាំង១៤ របស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីបើកសាខារបស់ខ្លួននៅក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលនឹងបើកដំណើរការនាចុងឆ្នាំ២០២២នេះ។
ម៉ាកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈធំៗទាំងនេះរួមមាន The Pizza Company, Dairy Queen, Krispy Kreme របស់ក្រុមហ៊ុន Express Food Group (EFG) ម៉ាកអាជីវកម្ម Brown Coffee and Bakery ម៉ាក Chatime Cambodia និងម៉ាកស្រាបៀរ Craft ឈ្មោះថា Cambodia Mastercraft របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងក្នុងពិធីចុះហត្ថលេខាធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ថា៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ធ្វើឡើងដើម្បីអបអរសាទរការចាប់ផ្តើមនៃភាពជាដៃគូរបស់យើង ក៏ដូចជាពង្រឹងកិច្ចសហការរវាងក្រុមហ៊ុន។ ការសហការរួមគ្នានេះ នឹងនាំយកនូវអ្វីដែលអ្នកប្រើប្រាស់នៅកម្ពុជា សក្តិសមទទួលបាននោះគឺផលិតផលដែលមានគុណភាព សេវាកម្មប្រកបដោយគុណភាព និងបទពិសោធន៍ប្រកបដោយគុណភាព។ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល មានចក្ខុវិស័យយ៉ាងមុះមុតក្នុងការនាំយកនូវម៉ាកផលិតផលល្បីៗទូទាំងពិភពលោក ដើម្បីផ្គត់ផ្គង់តម្រូវការអតិថិជនក្នុងស្រុក ដែលតែងតែផ្លាស់ប្តូរពីមួយសម័យកាល ទៅមួយសម័យកាល។
ទន្ទឹមគ្នានោះដែរ លោក Martin Darby អគ្គនាយកក្រុមហ៊ុន EFG Cambodia បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន មានមោទនភាពចំពោះទំនាក់ទំនងដ៏យូរអង្វែងជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ហើយភាពជាដៃគូនេះនឹងធ្វើឲ្យយើងបង្កើតនូវបទពិសោធន៍ដ៏ប្លែកដល់អតិថិជន។
ជាមួយគ្នានោះ កញ្ញា ប៉ែន សុខអាន ជំនួយការផ្ទាល់អគ្គនាយកក្រុមហ៊ុន Brown Coffee and Bakery មានប្រសាសន៍ដែរថា៖ Brown ជឿជាក់នូវការចូលរួមរបស់ខ្លួន និងដៃគូអាជីវកម្មផ្សេងៗដែលមានវត្តមាននៅក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងធ្វើអោយផ្សារទំនើបខ្នាតយក្សនេះជោគជ័យយ៉ាងសម្បើមដូចជាឈ្មោះរបស់ផ្សារនេះ ។
លោក Nicolas Sirey នាយកប្រតិបត្តិរបស់ Chatime នៅកម្ពុជា លើកឡើងថា៖ មណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាមណ្ឌលផ្សារទំនើបយ៉ាងសក្តិសមបំផុតសម្រាប់ Chatime ក្នុងការបង្ហាញនូវអត្តសញ្ញាណថ្មីរបស់ខ្លួន។ ដោយហេតុថា ជីប ម៉ុង រីថែល តែងតែរិះរកនូវបច្ចេកវិទ្យាថ្មីៗក្នុងការបង្កើត និងជម្រុញវិស័យលក់រាយនៅកម្ពុជាទៅកាន់ជំហានបន្ទាប់ ក្រុមហ៊ុនប្រាកដក្នុងចិត្តថាការជ្រើសរើស យកដៃគូដែលមានចក្ខុវិស័យស្របគ្នានឹងនាំមកនូវការអភិវឌ្ឍន៍ប្រទេសនៅថ្ងៃអនាគត។
លោកបណ្ឌិត Zvonimir Nemet នាយករោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ មណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាកន្លែងដែលសក្តិសមបំផុតក្នុងការបើកលក់ស្រាបៀរ Craft Beer ឈ្មោះថា Cambodia Mastercraft ដំបូងរបស់យើង ព្រោះវាស្ថិតចំកណ្តាលទីក្រុងដែលមានអ្នករស់នៅច្រើនកុះករ គួបផ្សំនឹងការកម្សាន្តដ៏សម្បូរបែប ព្រមទាំងសក្តានុពលជាច្រើនថែមទៀត ដែលនឹងទាក់ទាញអ្នកដើរកម្សាន្តយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ផលិតផលថ្មី Craft Beer មានរសជាតិផ្សេងគ្នាជាច្រើនដោយផលិតឡើងដើម្បីបំពេញតម្រូវការអតិថិជនស្របពេលដែលសន្ទុះនៃការនិយមចូលចិត្តពិសាស្រាបៀរស្រស់បែបនេះនៅក្នុងប្រទេសកម្ពុជាកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង រីថែល ជាក្រុមហ៊ុនវិនិយោគលើវិស័យលក់រាយក្នុងប្រទេសកម្ពុជា រួមមានមណ្ឌលផ្សារទំនើបខ្នាតយក្ស មណ្ឌលផ្សារទំនើប ផ្សារទំនើប និង Express ដែលបានបន្តពង្រីកខ្លួនកាន់តែធំ និងចាក់ឬសកាន់តែជ្រៅទៅក្នុងវិស័យនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនមានមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើ, ជីប ម៉ុង សែនសុខ ម៉ល និង ជីប ម៉ុង 598 ម៉ល។ មណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាមណ្ឌលផ្សារទំនើបខ្នាតយក្សស្ថិតក្នុងតំបន់ពោរពេញដោយសក្កានុពលនៃប៉ែកខាងត្បូងរាជធានីភ្នំពេញដែលគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២២ខាងមុខនេះ៕ អត្ថបទ ៖ រដ្ឋា