កំពង់ចាម ៖ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ បានថ្លែងថា ក្រោយថ្ងៃរំដោះ៧មករា គណបក្សប្រជាជនកម្ពុជាបានជ្រោងទង់មហាសាមគ្គីជាតិ ដឹកនាំការស្ដារ និងកសាងប្រទេសជាតិឡើងវិញ ដែលត្រូវចេញធ្វើដំណើរពីចំណុចសូន្យ ។
ក្នុងមីទ្ទីងរំលឹកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦. ២០២២) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នាស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកជំទាវ អ៊ុក ម៉ាលី ឯកឧត្តមបណ្ឌិត ម៉ា ឈឿន មានប្រសាសន៍ថា រយៈពេល៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផងដែរ។
ឯកឧត្តមបានបន្តថា ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដី ក៏គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់ខ្ជួននូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ឯកឧត្តមប្រធានក្រុមការងារ បានបន្ថែមថា ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដែលរបបប្រល័យពូជសាសន៍ប៉ុលពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជនកម្ពុជាដ៏បរិសុទ្ធ ដែលស្មោះត្រង់នឹងគោលបំណង និងឧត្តមគតិរបស់គណបក្សប៉ុណ្ណោះ ដែលបានក្រោកឈរឡើងធ្វើការតស៊ូ និងប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្យសាមគ្គិសង្គ្រោះជាតិកម្ពុជា ដើម្បីប្រយុទ្ធផ្ដួលរំលំរបបដ៏យង់ឃ្នង់ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ង៧ មករា ឆ្នាំ១៩៧៩។
ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានបញ្ជាក់ថា ប្រជាជនកម្ពុជធ្លាប់រងទុក្ខវេទនា ក្នុងរបបប្រល័យពូជសាសន៍ ក៏ដូចជាយុវវ័យជំនាន់ក្រោយ តែងចង់ចាំជានិច្ច នូវអត្ថន័យធំធេង នៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ដែលធ្វើឲ្យយើងមានអ្វីៗនៅថ្ងៃនេះ៕ អត្ថបទ៖ បាន សុខរិទ្ធ