ឧត្ដមសិក្សា៖ ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២២ បានបញ្ចប់ការប្រកួតតាមប្រភេទកីឡានីមួយៗជាបន្ដបន្ទាប់ ជាក់ស្ដែងមានកីឡា ៧ប្រភេទបានបញ្ចប់ការប្រកួតកាលពីថ្ងៃទី២៨ ខែមិថុនាម្សិលមិញ ហើយនៅសល់ ៥ប្រភេទកីឡាទៀតនឹងបញ្ចប់ការប្រកួតថ្ងៃនេះ។
សម្រាប់ប្រភេទកីឡាដែលបានបញ្ចប់ការប្រកួតជាស្ថាពរកាលពីម្សិលមិញ រួមមានការប្រកួតកីឡាហែលទឹក, កីឡាអត្តពលកម្ម, កីឡាវាយសី, តេក្វាន់ដូ WT, តេក្វាន់ដូ ITF, កីឡាការ៉ាតេ និងកីឡាស៊ីប៉ាក់តាក្រ។ រីឯប្រភេទកីឡា ត្រូវបញ្ចប់ការប្រកួតរបស់ខ្លួនថ្ងៃនេះរួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងកីឡាវាយកូនឃ្លីលើតុ។ សូមបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិនេះ បានចាប់ផ្ដើមការប្រកួតកាលពីថ្ងៃទី២១ ខែមិថុនាកន្លងទៅ ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ១,៤៤៣នាក់មកពីមានគ្រឹះស្ថានឧត្តមសិស្សា និងមធ្យមសិក្សាបច្ចេកទេសសរុបចំនួន៣៨ ដែលប្រកួតលើ ១២ប្រភេទកីឡាស្មើនឹង ៨៨វិញ្ញាសា៕
អត្ថបទ៖ លី ឈុនឡា