បង់ក្លាដែស៖ កាកបាទក្រហមបាននិយាយកាលពីថ្ងៃអង្គារថា ប្រជាពលរដ្ឋបង់ក្លាដែសជាង ៧លាននាក់នៅតែត្រូវការទីជម្រក និងជំនួយបន្ទាប់ពីទឹកជំនន់ដ៏ធ្ងន់ធ្ងរកាលពីដើមខែនេះ។

មនុស្សយ៉ាងហោចណាស់ ១០១នាក់បានស្លាប់នៅក្នុងភាគភាគឦសានរបស់ប្រទេសនេះ នៅពេលទឹកទន្លេពេញប្រៀបច្រាំងដល់កម្រិតខ្ពស់បំផុត និងជន់លិចភូមិជាច្រើននៅតំបន់ដាច់ស្រយាល បន្ទាប់ពីមានភ្លៀងធ្លាក់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលមួយសតវត្សរ៍។ លោក Sanjeev Kafley ប្រធានសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បាននិយាយថា ទំហំនៃការបំផ្លិចបំផ្លាញនាពេលនេះគឺច្រើនជាងទឹកជំនន់កាលពីលើកមុនៗ។
កាកបាទក្រហម និងអឌ្ឍចន្ទក្រហមបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ពលរដ្ឋប្រមាណ ៧.២លាននាក់កំពុងត្រូវការជាចាំបាច់នូវទីជម្រក និងជំនួយសង្គ្រោះបន្ទាន់នៅក្នុងតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។ ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែសលោក Nitai Dey Sarker បាននិយាយថា រដ្ឋាភិបាលបានបញ្ជូនចំណីអាហារសំបូរដោយអាហារូបត្ថម្ភ និងជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ ទៅដល់តំបន់ទាំងឡាយដែលរងគ្រោះដោយទឹកជំនន់៕
អត្ថបទ៖ សុខមាន