ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគចំនួន៤៧ ដែលមានទុនវិនិយោគសរុបជាង ២ ៥០០ លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កើន១៤,២ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២១ ។
តាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគចំនួន៤៣ គម្រោង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគ ២ ២១៩លានដុល្លារ កើនឡើង ២១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៤គម្រោង មានទុន៣០១លានដុល្លារ ថយចុះ៧៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែលបន្តថា គម្រោងវិនិយោគក្នុងត្រីមាសទី១នេះបានបង្កើតការងារ ប្រមាណជាង ៣ម៉ឺន៧ពាន់កន្លែងដល់ប្រជាពលរដ្ឋ។
បើតាម CDC ការវិនិយោគទាំងនោះមានលើមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង, វារីអគ្គិសនី, រោងចក្រផលិតសំបកកង់យានយន្ត, សណ្ឋាគារ, រោងចក្រស៊ីម៉ង់ត៍, កសិដ្ឋានដាំដំណាំចេក និងដំណាំហូបផ្លែផ្សេងៗ, រោងចក្រដំឡើងរថយន្ត និងមន្ទីរពេទ្យពហុព្យាបាល។
កំណើននៃគម្រោងវិនិយោគនេះ ឆ្លុះបញ្ចាំងពីជំនឿជឿទុកចិត្ត របស់វិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា នៅគ្រាដែលកម្ពុជា បានប្រកាសបើកប្រទេស និងដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ៕ អត្ថបទ៖ វណ្ណៈ