អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃពុធបានទទួលប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo សម្រាប់កិច្ចពិភាក្សានៅវិមាន Mariinskyi ក្នុងទីក្រុង Kyiv។ លោក Widodo និងភរិយាបានធ្វើដំណើរទៅកាន់ទីក្រុង Kyiv ក្នុងគោលបំណងជួយចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងការចូលរួមក្នុងកិច្ចពិភាក្សាជុំវិញការនាំចេញគ្រាប់ធញ្ញជាតិ ទៅកាន់ទីផ្សារពិភពលោក។
បច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ីមានតួនាទីជាប្រធានប្តូរវេននៃក្រុមប្រទេស G20។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទទួលយកការអញ្ជើញពីសមភាគីឥណ្ឌូនេស៊ីលោក Joko Widodo ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G-20 នៅចុងឆ្នាំនេះ។ លោក Zelenskyy បាននិយាយថា ការចូលរួមរបស់អ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌូនេស៊ី នឹងផ្អែកលើសមាសភាពនៃអ្នកចូលរួម និងស្ថានភាពសន្តិសុខ។ កាលពីពេលមុនលោក Widodo បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងបំណងឲ្យចូលរួមកិច្ចប្រជុំកំពូលនៅខែវិច្ឆិកាឆ្នាំនេះនៅកោះបាលី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមនៅទីក្រុង Kyiv ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Zelenskyy បាននិយាយថា ប្រទេសទាំង២ បានពិភាក្សាគ្នាអំពីវិបត្តិស្បៀងអាហារពិភពលោក ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគី ដោយលោក Zelenskyy បានចោទប្រកាន់រុស្ស៊ីថា គំរាមពិភពលោកចំពោះភាពអត់ឃ្លាន។
លោក Zelenskyy បាននិយាយថា គ្រាប់ធញ្ញជាតិរាប់លានតោននៅក្នុងប្រទេសអ៊ុយក្រែន គួរតែបានទៅដល់អ្នកប្រើប្រាស់។ លោក Widodo បាននិយាយថា លោកមានបំណងជំរុញលោក Putin និងលោក Zelenskyy ឱ្យចាប់ផ្តើមកិច្ចសន្ទនាលើការបញ្ចប់សង្គ្រាម ដែលសង្គ្រាមនេះបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារ នៅទូទាំងពិភពលោក និងការកើនឡើងតម្លៃទំនិញ ដោយលោកបានអញ្ជើញលោក Zelenskyy ឱ្យចូលរួមកិច្ចប្រជុំកំពូលជាមួយលោក Putin ខណៈអ៊ុយក្រែនមិនមែនជាសមាជិកនៃវេទិការនេះឡើយ៕
អត្ថបទ៖ ប៊ុនថន