ស្នូកឃ័រ៖ កីឡាករស្នូកឃ័រអូស្ត្រាលី Neil Robertson បានក្លាយជាជើងឯកការប្រកួតពានរង្វាន់ Tour Championship ក្រោយជ័យជំនះ ១០-៤ហ្វ្រេមលើជើងឯកពិភពលោក ៦សម័យ Ronnie O’Sullivan នៅវគ្គផ្តាច់ព្រ័ត្រ។

Neil Robertson ធ្វើបាន Century Break ៥ហ្វ្រេម និងឈ្នះ ៦ហ្វ្រេមផ្ទួនៗក្នុងដំណាក់កាលទី២ នៅពេលល្ងាច។ នេះជាជើងឯកដែលរាប់បញ្ចូលក្នុងព្រឹត្តិការណ៍ Ranking ទី២០ ក្នុងអាជីពសំរាប់កីឡាករលំដាប់លេខ៣ ពិភពលោករូបនេះ។ ចំណែក Ronnie O’Sullivan បានរងបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Ranking បែបនេះលើកទី៥ ហើយក្នុងរដូវកាលនេះ។ ជើងឯកពិភពលោក ៦សម័យ O’Sullivan ក៏បានបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ Northern Ireland Open, Scottish Open, Welsh Open និង Players Championship ផងដែរ។
ចំណែក Neil Robertson ក្រោយជ័យជំនះនេះ កីឡាករវ័យ ៣៩ឆ្នាំរូបនេះមានជំនឿចិត្តនឹងអាចដណ្តើមជើងឯកពិភពលោកបាន ដូចដែលធ្លាប់ធ្វើបានកាលពី ១១ឆ្នាំមុន ខណៈការប្រកួតស្នូកឃ័រជើងឯកពិភពលោកឆ្នាំនេះ នឹងចាប់ផ្តើមនៅខែក្រោយនេះហើយ៕
អត្ថបទ៖នាង សុភាវុធ