ភ្នំពេញ៖ វិធីសាស្ត្រ«ស៥» នឹងជួយដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម អាចពង្រីកខ្លួនអនុវត្តយក ស៦ ឬ ស៧ និងឈានទៅអនុវត្តយកប្រព័ន្ធគ្រប់គ្រងគុណភាព ឬសុវត្ថិភាពផ្សេងៗទៀត ដើម្បីបង្កើនផលិតភាពក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ឆ្លើយតបតាមតម្រូវការទីផ្សារ និងការប្រកួតប្រជែង នឹងជាផ្នែកមួយនៃការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
ឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីសមិទ្ធផលផលិតភាព ប្រចាំឆ្នាំ២០២២ នៅថ្ងៃទី ៣០ខែ មិថុនា ឆ្នាំ២០២២ថា ការអនុវត្ត «ស៥» គឺផ្តើមចេញពី ស ទាំង៥រួមមាន៖ សម្រិតសម្រាំង សណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរឲ្យបានជោគជ័យ និងបានស្ថិតស្ថេរទៅបាន គឺចាំបាច់ទាមទារនូវការប្តេជ្ញាចិត្តមោះមុត របស់អ្នកដឹកនាំថ្នាក់កំពូល។
ចំណែកម្ចាស់សហគ្រាសធំៗចំនួន ៤ បានលើកឡើងស្រដៀងគ្នាថា ការអនុវត្ត «ស៥» របស់មជ្ឈមណ្ឌលផលិតភាពជាតិ បានធ្វើឲ្យសហគ្រាសរបស់ពួកគាត់ រួមចំណែកលើកកម្ពស់ការគ្រប់គ្រង និងប្រសិទ្ធភាពការងាររបស់រោងចក្រ សហគ្រាស និងសិប្បកម្ម ក្នុងការពង្រីកផលិតភាពខ្សែច្រវ៉ាក់ផលិតកម្មឲ្យកាន់តែធំ និងមានទំនុកចិត្ត ការកាត់បន្ថយវេលា និងទទួលបានប្រាក់ចំណេញមកវិញ តាមរយៈនៃការអនុវត្តគម្រោងទាំងនេះ។
លោក ហ៊ឹម ផានិត ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ លើកឡើងឲ្យដឹងថា នៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ មជ្ឈមណ្ឌលផលិតភាពជាតិ សហការជាមួយអង្គការ APO ជ្រើសរើសក្រុមហ៊ុន ដើម្បីអនុវត្តគម្រោង Business Excellence (ឧត្ដមធុរកិច្ច) នេះជាផ្នែកមួយនៃកម្មវិធីសមិទ្ធផលផលិតភាព ដលនឹងបន្តអភិវឌ្ឍន៍រហូតដល់មានកម្មវិធីប្រគល់ពានរង្វាន់ «សមិទ្ធផលផលិតភាព៖ ឧត្ដមធុរកិច្ច» នាឆ្នាំក្រោយៗទៀត។
Business Excellence ជួយអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគ្រប់គ្រង និងដំណើរការរបស់អង្គភាព ដើម្បីកែលម្អការអនុវត្ត និងបង្កើតតម្លៃសម្រាប់អ្នកពាក់ព័ន្ធ។ សម្រេចបាននូវភាពល្អឥតខ្ចោះ នៅក្នុងអ្វីគ្រប់យ៉ាងដែលអង្គភាពប្រតិបត្តិ ហើយសំខាន់បំផុតគឺការសម្រេចបាននូវលទ្ធផលអាជីវកម្មដ៏ប្រសើរ៕អត្ថបទ៖ សុន រ៉ាឌី