អង់គ្លេស៖ នៅតំបន់ Salisbury Plain ទាហានមកពីអង្គភាពកងទ័ពអង់គ្លេស បានបង្រៀនកងកម្លាំងអ៊ុយក្រែនពីរបៀបប្រើប្រាស់កាំភ្លើង L119 ដែលត្រូវបានគេស្គាល់ជាទូទៅថាជាកាំភ្លើងបាញ់ផ្លោង។ បុគ្គលិកយោធាបានធ្វើដំណើរទៅប្រទេសអង់គ្លេស ដើម្បីទទួលបានទំនុកចិត្ត និងរៀនជំនាញក្នុងបំណងពង្រឹងកិច្ចប្រឹងប្រែងផ្នែកយោធាទប់ទល់ជាមួយរុស្ស៊ី។
ពួកគេកំពុងត្រូវបានបង្រៀនពីរបៀបបាញ់អាវុធ និងគ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយ ដោយសង្ឃឹមថានៅពេលត្រឡប់មកប្រទេសកំណើតរបស់ពួកគេវិញនឹងមានទំនុកចិត្តបន្ថែមទៀត។ ចក្រភពអង់គ្លេសកំពុងផ្តល់ជំនួយដល់អ៊ុយក្រែន រួមមានកាំភ្លើងចាស់ៗដែលអាចបាញ់បានក្នុងចម្ងាយ ៧ម៉ាយ ហើយឧបករណ៍បាញ់គ្រាប់រ៉ុក្កែតដែលពួកគេកំពុងត្រូវបានហ្វឹកហ្វឺនប្រើប្រាស់ អាចបាញ់ដល់គោលដៅចម្ងាយជាង ៥០ម៉ាយ។ ទាហានអ៊ុយក្រែនរាប់រយនាក់ត្រូវបានបណ្តុះបណ្តាលក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ហើយរាប់ពាន់នាក់ទៀតនឹងទទួលបានការហ្វឹកហាត់។ ចក្រភពអង់គ្លេសនឹងបញ្ជូនជំនួយផ្នែកយោធាក្នុងទឹកប្រាក់ចំនួន 1ពាន់លានផោន ឬ 1.21ពាន់លានដុល្លារទៅឲ្យកាន់អ៊ុយក្រែន ដែលនាំឲ្យជំនួយផ្នែកយោធា និងសេដ្ឋកិច្ចសរុបរបស់ខ្លួនចាប់តាំងពីសង្គ្រាមចាប់ផ្តើមមានរហូតដល់ 3.8ពាន់លានផោន ឬ 4.6ពាន់លានដុល្លារ។
រដ្ឋាភិបាលនិយាយថា ជំនួយថ្មីនេះគឺសម្រាប់ឧបករណ៍រួមមានប្រព័ន្ធការពារដែនអាកាស យានដ្រូន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតសម្រាប់សង្គ្រាម។ នាយករដ្ឋមន្ត្រីលោក Boris Johnson បានជំរុញឱ្យសម្ព័ន្ធមិត្តនៅកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ឲ្យគាំទ្រអ៊ុយក្រែនកាន់តែខ្លាំងថែមទៀត។ អង់គ្លេសជាប្រទេសផ្តល់ជំនួយផ្នែកយោធាធំទី2 ដល់អ៊ុយក្រែនបន្ទាប់ពីសហរដ្ឋអាមេរិក។ វាក៏ជាប្រទេសមួយក្នុងចំណោមសមាជិក 9ប្រទេសក្នុងចំណោម 30ប្រទេសរបស់អង្គការ NATO ដែលបំពេញតាមគោលដៅរបស់សម្ព័ន្ធក្នុងការចំណាយ 2% នៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ៕
អត្ថបទ៖ ប៊ុនថន