ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចការងារលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់ ឯកឧត្តម វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៧ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព» នឹងក្លាយជាវេទិកាមួយសម្រាប់រដ្ឋមន្ត្រីការបរទេស MLC ធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)
កំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ព្រមទាំងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្ដាប្រទេសមេគង្គ និងប្រទេសចិន ក្នុងស្មារតីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសនៅក្នុងកាលៈទេសៈនៃការគំរាមកំហែង ពិភពលោកដែលមិនធ្លាប់មានពីមុនមក៕