អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសុក្រថា ការវាយប្រហាររបស់រុស្ស៊ីនៅទីក្រុង Odesa លើអគារលំនៅឋាន និងទីតាំងជំរំគឺជាការវាយប្រហារដោយចេតនា និងដោយផ្ទាល់។ ការវាយប្រហារបណ្តាលឲ្យមនុស្ស 21នាក់ស្លាប់ និង 39នាក់ផ្សេងទៀតបានរងរបួសដោយមីស៊ីលរបស់រុស្ស៊ី។
លោកបានអះអាងថា មីស៊ីល Kh-22 ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើអគារលំនៅឋាន និងទីតាំងជំរំដែលជាធម្មតាត្រូវប្រើប្រាស់ដើម្បីបំផ្លាញនាវាផ្ទុកយន្តហោះ និងនាវាចម្បាំងធំៗ។ វីដេអូនៃការវាយប្រហារនៅមុនពេលថ្ងៃរះបានបង្ហាញអគារឆេះខ្លោចក្នុងទីក្រុងតូច Serhiivka ចម្ងាយប្រមាណ 50គីឡូម៉ែត្រពីទីក្រុង Odesa។ លោក Zelenskyy និយាយថា មីស៊ីលប្រឆាំងនាវា Kh-22 ចំនួន 3គ្រាប់បានវាយប្រហារទៅលើអគារលំនៅឋានកម្ពស់ 9ជាន់។ អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះជាការវាយតបតរបស់កងទ័ពរុស្ស៊ី ដែលត្រូវបានបង្ខំឲ្យចាកចេញពីកោះពស់មួយថ្ងៃមុននេះ ទោះបីជាទីក្រុងមូស្គូបានបង្ហាញថា ការដកកងកម្លាំងចេញរបស់ពួកគេជាកាយវិការសុច្ឆន្ទៈ ដើម្បីជួយបើកច្រកក្នុងការនាំចេញគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែនក៏ដោយ។
ជាមួយគ្នានេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Kyiv កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីប្រទេសន័រវែសលោក Jonas Gahr Store បានប្រកាសផ្តល់ជំនួយចំនួន 1ពាន់លានអឺរ៉ូ ឬ 1.04ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន។ លោក Store បាននិយាយថា ជំនួយសម្រាប់ចំណែកដែលនៅសល់នៃឆ្នាំ2022 និងឆ្នាំ2023 នឹងរួមបញ្ចូលជំនួយមនុស្សធម៌ ការគាំទ្រការស្តារប្រទេសឡើងវិញ និងការគាំទ្រផ្នែកការពារជាតិ៕
អត្ថបទ៖ សុខមាន