ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យ Limkokwing បានរៀបចំប្រកាសជ័យលាភីការប្រកួតប្រជែងស្នាដៃរចនាផ្ទាំងផ្សព្វផ្សាយស្តីពីការអបអរសាទរគម្របខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២២) នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ។
ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានមានប្រសាសន៍ថា កម្មវិធីនេះ រៀបចំឡើងដើម្បីរំលឹកដល់ខួបនៃការដាក់បញ្ចូល ហើយក៏ជាការរំលឹកដល់ការលៈបង់គ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល អ្នកជំនាញ ក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បតិ្តបេតិកភណ្ឌពិភពលោក និងជាការផ្ញើសារជូនដល់ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយទាំងអស់ ឲ្យមានការចាប់អារម្មណ៍ចូលរួមចំណែកក្នុងការលើកកម្ពស់ តម្លៃនៃសម្បតិ្តបេតិកភណ្ឌវប្បធម៌ ក្នុងនោះមិនមែនមានតែប្រាសាទព្រះវិហារមួយនោះទេ គឺមានប្រាសាទនៅតំបន់អង្គរ ប្រាសាទតំបន់សំបូរព្រៃគុក ហើយក្រៅពីនោះយើងក៏មានសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិជាច្រើន។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម ផេង សំអឿន អគ្គនាយករង នៃអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងថា ចាប់តាំងពីរមណីយដ្ឋានប្រាសាទព្រះវិហារ បានចុះបញ្ជីជាសម្បតិ្តបេតិកភណ្ឌពិភពលោក គឺអាជ្ញាធរព្រះវិហារ តែងតែប្រារព្ធនូវខួបអបអរសាទរ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បតិ្តបេតិកភណ្ឌពិភពលោក ក្នុងគោលបំណងសំខាន់ពីរ គឺទី១៖ ដើម្បីរំលឹកជាប្រចាំ ដែលកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងទី២៖ ចង់ពញ្ញាក់ស្មារតីឲ្យប្រជាពលរដ្ឋកម្ពុជា ត្រូវតែចងចាំគិតគូរ នូវបេតិកភណ្ឌវប្បធម៌ជាតិ។
បើតាមលោក គឹម សំណាង អនុប្រធាននាយកដ្ឋានគ្រប់គ្រងដែនដីនគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ នៃអាជ្ញាធរជាតិព្រះវិហារ បានឲ្យដឹងថា អាជ្ញាធរជាតិព្រះវិហារ បានធ្វើសេចកី្តជូនដំណឹងពីការប្រកួតប្រជែងនេះជាផ្លូវការ មានរយៈពេលប្រមាណជិត៣សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣០ ខែមិថុនឆ្នាំ២០២២។ ចំនួនក្រុមនិសិ្សតដែលបានដាក់ស្នាដៃ មានចំនួនសរុប ៣៨ផ្ទាំង ទាំងវិចិត្រកម្ម និងGraphic Design ដែលនិសិ្សតទាំងនោះមានមកពី០៣ សាកលវិទ្យាល័យ ហើយប្រធានបទ នៃការប្រកួតប្រជែងនេះ គឺផ្តោតទៅលើតម្លៃសំខាន់ៗ របស់ប្រាសាទព្រះវិហារ ដូចខាងក្រោម៖ តម្លៃលេខធ្លោ ជាសកលរបស់ប្រាសាទ តម្លៃនៃបរិស្ថានធម្មជាតិនៅជុំវិញប្រាសាទ និងតម្លៃមនុស្សជាតិ៕ អត្ថបទ រដ្ឋា










