រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាដល់រដ្ឋមន្ត្រីការពារជាតិរបស់លោក បន្តការវាយរុលទៅមុខនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីវាយដណ្ដើមយកបានទីក្រុង Lysychansk។

លោក Putin បានបង្ហាញខ្លួននៅទូរទស្សន៍រុស្ស៊ី ដោយអំពាវនាវដល់កងកម្លាំងនៅតាមសមរភូមិជួរមុខដទៃទៀត សម្រេចគោលដៅឲ្យបានទៅតាមផែនការដែលបានសម្រេចពីដំបូង។ ការវាយដណ្ដើមបាននេះមានន័យថា តំបន់ Luhansk ពេលនេះស្ថិតក្នុងដៃរបស់រុស្ស៊ី។ លោក Putin បានអបអរសាទរកងកម្លាំងយោធាដែលរំដោះបានសាធារណរដ្ឋប្រជាមានិត Lugansk។ កាលពីដំបូងអភិបាលតំបន់ Luhansk របស់អ៊ុយក្រែនបាននិយាយថា ទីក្រុងនេះត្រូវបានបោះបង់ចោល ដូច្នេះកងកម្លាំងរុស្ស៊ីនឹងមិនបំផ្លាញទីក្រុងនេះពីចម្ងាយទេ។
លោក Serhiy Haidai បានប្រាប់ទូរទស្សន៍ BBC ថា ទាហានអ៊ុយក្រែននៅពេលនេះបានផ្លាស់ទៅកាន់ទីតាំងសមរភូមិថ្មីនានា។ លោកនិយាយថា ការបាត់បង់ទីក្រុងនេះ និងតំបន់ Luhansk ទៅក្នុងដៃរុស្ស៊ីគឺជារឿងឈឺចាប់ណាស់ ប៉ុន្តែលោកបានបន្ថែមថា យើងគ្រាន់តែចាញ់សមរភូមិប្រយុទ្ធប៉ុណ្ណោះ ប៉ុន្តែមិនមែនចាញ់សង្គ្រាមទេ។ លោកបានស្នើសុំអាវុធបន្ថែមទៀតពីលោកខាងលិច ដើម្បីវាយទប់ទល់នឹងការវាយរុលទៅមុខរបស់រុស្ស៊ី៕
អត្ថបទ៖ សុខមាន