សូម៉ាលី៖ ខណៈដែលសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននៅតែបន្ត កំពុងបង្កការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារសកល និងការដឹកជញ្ជូនជំនួយ ក្រុមគ្រួសារជាច្រើននៅក្នុងប្រទេសសូម៉ាលីបានកំពុងប្រឹងប្រែងផ្គត់ផ្គង់ជីវិតខ្លួនឯង ខណៈដែលគ្រោះរាំងស្ងួតបានរាលដាលកាន់តែធ្ងន់ធ្ងរនៅតំបន់ដ៏ធំរបស់ប្រទេសនេះ។

ទោះបីជាគ្រោះរាំងស្ងួតបច្ចុប្បន្នត្រូវគេហៅថា ជាស្ថានភាពធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ក្ដី ស្ទើរតែគ្មានជំនួយមនុស្សធម៌សោះបានទៅដល់ដៃពួកគេ។ ប្រជាពលរដ្ឋបានកំពុងព្យាយាមផ្លាស់ទីចេញពីលំនៅឋាន នៅតាមជនបទដែលរងគ្រោះរាំងស្ងួតខ្លាំងបំផុត ដើម្បីស្វែងរកកន្លែងរស់នៅប្រសើរនៅក្នុងជំរំបណ្ដោះអាសន្ននៅតាមតំបន់ដាច់ស្រយាលនៃរដ្ឋធានី Mogadishu។ ជំរំនេះបានផ្ដល់ជម្រកដល់មនុស្សចំនួន ១,៧០០គ្រួសារដែលមិនទាន់ទទួលបានស្បៀងអាហារ។ ពួកគេទទួលបានត្រឹមតែនំប៉័ង និងតែខ្មៅប៉ុណ្ណោះ។ យោងតាមលោក Shafici Ali Ahmed អ្នកគ្រប់គ្រងជំនួយមនុស្សធម៌របស់អង្គការសកម្មភាពសន្តិភាព និងការអភិវឌ្ឍន៍ ដែលត្រូវបានគាំទ្រដោយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ស្បៀងអាហារក្នុងឃ្លាំងស្តុកបានអស់ហើយ។
លោកថា មូលហេតុចម្បងនៃកង្វះអាហារគឺទាក់ទង់ដោយផ្ទាល់ទៅនឹងការពិតដែលថា ពិភពលោកបានបែរខ្នងដាក់ប្រទេសសូម៉ាលី ផ្ដោតតែទៅលើសង្គ្រាមនៅអ៊ុយក្រែនប៉ុណ្ណោះ។ ជំនួយភាគច្រើនផ្ដល់ឲ្យសូម៉ាលីបានមកពីលោកខាងលិច ប៉ុន្តែពេលនេះការយកចិត្តទុកដាក់ និងជំនួយរបស់ពួកគេត្រូវបានបង្វែរទៅអ៊ុយក្រែនវិញ។ សេចក្ដីថ្លែងការណ៍មួយចេញដោយសេតវិមានកាលពីថ្ងៃទី២៨ ខែមិថុនា ស្ដីពីសន្តិសុខស្បៀងអាហារសកលបាននិយាយថា ពិភពលោកនឹងត្រូវប៉ះពាល់ដោយសារតែការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ហើយថាតម្រូវការចាំបាច់បន្ទាន់នឹងធ្លាក់លើតំបន់ញកអាហ្វ្រិក។ មុនសង្គ្រាម ប្រទេសសូម៉ាលីបាននាំចូលស្រូវសាលី ៩០% ពីរុស្ស៊ី និងអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន