សហរដ្ឋអាមេរិក៖ រដ្ឋអាជ្ញា Illinois លោក Eric Rinehart បានប្រកាសអំឡុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃអង្គារថា ជនសង្ស័យក្នុងការបាញ់ប្រហារដ៏រង្គាលកាលពីថ្ងៃចន្ទទៅលើក្បួនព្យុហយាត្រា ៤កក្កដានៅក្នុងទីក្រុង Highland Park រដ្ឋ Illinois ដែលបានបណ្ដាលឲ្យមនុស្ស ៧នាក់ស្លាប់ និងជាង ២០នាក់រងរបួស ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិតទី១ ចំនួន ៧ករណី។
លោក Rinehart បាននិយាយថា ប្រសិនបើជនល្មើសឈ្មោះ Robert E. Crimo III វ័យ ២១ឆ្នាំត្រូវបានកាត់ឲ្យជាប់ទោស ការចោទប្រកាន់នានាអាចឈានដល់ការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត។ លោកថា គេរំពឹងថា បទចោទប្រកាន់បន្ថែមទៀតនឹងត្រូវធ្វើឡើងរួមទាំងករណីប៉ុនប៉ងមនុស្សឃាត ការចោទប្រកាន់ពីបទការប្រើប្រាស់អាវុធធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពអ្នកដទៃ និងបទចោទប្រកាន់ពីបទបង្ករបួសស្នាមធ្ងន់ធ្ងរ។ លោក Rinehart បាននិយាយថា ខ្ញុំចង់បញ្ជាក់ឲ្យបានច្បាស់ថា ករណីទាំងនេះគ្រាន់តែជាការចោទប្រកាន់កម្រិតដំបូង ក្នុងចំណោមបទចោទប្រកាន់ជាច្រើនដែលនឹងត្រូវដាក់បទចោទលើរូបជនល្មើស Crimo ប៉ុណ្ណោះ ដោយបន្ថែមថា លោករំពឹងថា បទចោទប្រកាន់រាប់សិបករណីទៀតនឹងកើតមានចេញពីភាគីជនរងគ្រោះម្នាក់ៗ។ ជនសង្ស័យ Crimo ត្រូវបានឃុំខ្លួននៅប៉ុស្តិ៍នគរបាលចាប់តាំងពីល្ងាចថ្ងៃចន្ទមក។
អង្គភាពអនុវត្តច្បាប់អាមេរិកជឿថា ជនល្មើស Robert Crimo III បានទិញកាំភ្លើងវែងបាញ់ស៊ីបដោយស្របច្បាប់ ដែលគេបានប្រើក្នុងការវាយប្រហារនេះ។ ជនល្មើសមានគម្រោងបើកការវាយប្រហាររយៈពេលជាច្រើនសប្ដាហ៍មកហើយ។ ជនល្មើសត្រូវគេជឿថា បានក្លែងខ្លួនដោយស្លៀកពាក់ជាមនុស្សស្រី ដើម្បីគេចខ្លួនចេញពីកន្លែងកើតហេតុ បន្លំខ្លួននៅក្នុងចំណោមមនុស្សដែលកំពុងរត់គេចទាំងភ័យស្លន់ស្លោ៕
អត្ថបទ៖ សុខមាន