ភ្នំពេញ៖ ដូចការគ្រោងទុក នៅថ្ងៃទី៦ ខែកក្កដានេះ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ និង៤ ជូនកុមារអាយុ៣ឆ្នាំដល់១១ឆ្នាំ ចាប់ផ្តើមអនុវត្ត ដោយអាណាព្យាបាល បានរួតរះនាំកូនៗរបស់ពួកខ្លួន ទៅចាក់វ៉ាក់សាំងដូសជំរុញនេះ។
អាណាព្យាបាល ដែលបាននាំកូនៗទៅចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី០៦ ខែ កក្កដានេះ បានប្រាប់BTV បានឱ្យដឹងថា ការសម្រេចចិត្តឱ្យកូនទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺដើម្បីធានាសុវត្ថិភាព ការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ ជាពិសេសពេលពួកគេនៅសាលារៀន។
ជាមួយគ្នានេះកុមារ និងយុវវ័យ បានសំដែងការរីករាយបានចាក់វ៉ាក់សាំង ដើម្បីធានាសុវត្ថិភាពក្នុងការរស់នៅនាពេល បច្ចុប្បន្ន និងជាពិសេសបានចូលរៀនធម្មតា មិនដូចឆ្នាំមុន ត្រូវអាក់ខាន ព្រោះជំងឺកូវីដ-១៩។
លោកវេជ្ជបណ្ឌិត លាន គឹមស្រេង ប្រធានក្រុមការងារចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យកុមារជាតិ បាន ឱ្យដឹងថា ថ្ងៃដំបូងនៃការបើកយុទ្ធការចាក់វ៉ាក់សាំង ដូសជំរុញទី៣ និងទី៤ ជូនកុមារ អាយុពី៣ឆ្នាំ ដល់១១ឆ្នាំ គឺមានចំនួនអ្នកចូលចាក់ច្រើនជាងរាល់ថ្ងៃ ព្រោះពួកគេយល់ឃើញថា វ៉ាក់សាំងដូសជំរុញមាន សារសំខាន់ណាស់ ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩។
ក្រៅពីការចាក់វ៉ាក់សាំងដូសជំរុញជូនកុមារ មន្ទីរ ពេទ្យកុមារជាតិ បន្តដំណើរការចាក់វ៉ាក់សាំងជារៀងរាល់ថ្ងៃ ចាប់ពីដូសមូលដ្ឋាន រហូតដល់ជំរុញដូស ទី៣ ទី៤ និងទី៥ជូនពលរដ្ឋពីអាយុ៣ឆ្នាំ ឡើងទៅ។
បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលបន្តចាត់ទុកជាយុទ្ធសាស្រ្តដ៏ សំខាន់មួយ ដើម្បីធានានិរន្តរភាព ដំណើរការសេដ្ឋកិច្ច និងការរស់នៅជាធម្មតាតាមបែបគន្លថ្មី ជាមួយវត្ត មានជំងឺកូវីដ-១៩។
សម្រាប់ពលរដ្ឋចាប់ពីអាយុ៣ឆ្នាំឡើង មិនទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញបន្តបន្ទាប់ អាចទៅទទួលការចាក់វ៉ាក់សាំងបាន នៅទីតាំងសុខាភិបាល សាធារណៈនៅទូទាំងប្រទេស ឬទីតាំងចល័ត ដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន៕
អត្ថបទ៖ ទូច សោភ័ណ