ភ្នំពេញ៖ ដោយមានការអនុញ្ញាតជាគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ កំពុងសិក្សាការផ្លាស់ប្តូរកាតធម្មតារបស់មន្រ្តីរាជការស៊ីវិលទៅជាកាតឌីជីថល ដែលអាចប្រើជាមួយម៉ាស៊ីនATM ពេលបើកប្រាក់បៀវត្ស និងលក្ខណៈពិសេសផ្សេងៗមួយចំនួនទៀត។
ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៧ ខែកក្កដានេះ បានអញ្ជើញចូល រួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសិលា ស្តីពីរដ្ឋាភិបាលឌីជីថល ដែលការអញ្ជើញចូលពីតំណាងស្ថាន ទូតសិង្ហបុរី និងដៃគូរពាក់ព័ន្ធផ្សេងៗមួយចំនួនទៀតផងដែរ។
ឯកឧត្តម ព្រុំ សុខា មានប្រសាសន៍ថា គោលបំណងក្នុងសិក្ខាសិលានេះ គឺដើម្បីផ្លាស់ប្តូរបទ ពិសោធន៍រវាងប្រទេសកម្ពុជា និងដៃពាក់ព័ន្ធ ដើម្បីឈានទៅចាប់ការវិវត្តយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។
ឯកឧត្តម បានបន្តថា ដោយមានអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ កំពុងសិក្សាការផ្លាស់ប្តូរកាតធម្មតា របស់មន្រ្តីរាជការស៊ីវិលទៅជាកាតឌីជីថល ដែលអាចប្រើជាមួយម៉ាស៊ីនATM ពេលបើកប្រាក់បៀវត្សរ៍ និងលក្ខណៈពិសេសផ្សេងៗមួយ ចំនួនទៀត។
តាមការចង្អុលបង្ហាញ ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ការកសាងរដ្ឋាភិបាលឌីជីថល ជាសសរស្តម្ភចាំបាច់ និងត្រូវបោះជំហានមុន ដើម្បីជំរុញ ល្បឿនក្នុងការកសាងពលរដ្ឋ និងធុរកិច្ចឌីជីថល និងធានាភាពជោគជ័យខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលទាំងមូល។
រដ្ឋាភិបាលឌីជីថល គឺជាការរៀបចំប្រព័ន្ធអភិបាលកិច្ច ការកែលម្អ និងការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបម្រើសេវាសាធារណៈ តាមរយៈការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងស្ថាប័ន លើការគ្រប់គ្រង និងរចនាសម្ព័ន្ធ ដែលនាំឱ្យប្រជាពលរដ្ឋ និងធុរកិច្ច ចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព ការបើកចំហ ក៏ដូចជាជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម៕អត្ថបទ៖ ទូច សោភ័ណ




