ស៊ីហ្គេម៖ គ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យទួលស្វាយព្រៃ បានសម្ដែងការសប្បាយចិត្ត និងយល់ដឹងច្រើនពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តចូលរួមផ្សព្វផ្សាយ និងគាំទ្រព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះទៀតផង។
នេះបើតាមការបញ្ជាក់របស់លោក កើត ស្រួច នាយករងវិទ្យាល័យទួលស្វាយព្រៃរួមទាំងសិស្សានុសិស្សមួយចំនួន បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចុះរៀបចំកម្មវិធីបញ្ជ្រាបការអប់រំអំពីគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ។ នាយករងដដែលបានបង្ហាញនូវក្តីរីករាយ ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានរៀបចំកម្មវិធីនៅវិទ្យាល័យទួលស្វាយព្រៃ ក៏ដូចជាចែករំលែកចំណេះដឹងពីគុណតម្លៃនៃកីឡាទៅកាន់សិស្សានុសិស្សរបស់ខ្លួន ដើម្បីចូលរួមគាំទ្រជាមួយគ្នាឆ្ពោះទៅរៀបចំ ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។
លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាគ្រូឧទ្ទេសប្រចាំវគ្គនេះបានអះអាងថា ក្រុមការងារ NOCC នឹងបន្តពង្រីកការផ្សព្វផ្សាយយុទ្ធនាការសំខាន់ៗទាំងនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិ CAMSOC ដើម្បីប្រមូលការចូលរួមគាំទ្របន្ថែមពីប្រជាពលរដ្ឋ និងយុវជនឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់កិត្យានុភាពជាតិ តាមរយៈព្រឹត្តិការណ៍កីឡាជាកំណត់ត្រាប្រវត្តិសាស្ត្រនេះ ដែលជាព្រឹត្តិការណ៍របស់ប្រជាជនកម្ពុជាគ្រប់រូប៕
អត្ថបទ៖ លី ឈុនឡា