ប៉េតង់៖ កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ បានបង្ហាញក្ដីរំពឹងទាំង ២វិញ្ញាសារួមមានវិញ្ញាសាវាយគូ និងវាយយកពិន្ទុ ដែលខ្លួននឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍កីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham នៃរដ្ឋ Alabama សហរដ្ឋអាមេរិកនៅថ្ងៃទី១១ ខែកក្កដានេះ ដែលត្រូវថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ពេលវេលានៅប្រទេសកម្ពុជា។
ក្រោយចាប់ផ្ដើមហ្វឹកហាត់នៅទីក្រុង Birmingham ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០២១ រូបនេះបានបង្ហាញអារម្មណ៍ល្អជុំវិញការត្រៀមខ្លួន ប្រកួតប្រជែងជាមួយកីឡាការិនីមកពីជុំវិញពិភពលោក ទោះស្ថានភាពទីលានមិនសូវល្អប្រសើរក៏ដោយ។ ប៉ុន្ដែលោកស្រីមានជំនឿចិត្តថា នឹងអាចស្វែងរកមេដាយណាមួយជូនជាតិពីការប្រកួតដ៏ធំនេះ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The World Games 2022 នៅអាមេរិកនេះ ម្ចាស់ផ្ទះបានកំណត់កីឡាចំនួន ៣៣ប្រភេទ ក្នុងនោះក៏មានវត្តមានកីឡាការិនីប៉េតង់កម្ពុជា ២រូបផងដែរគឺកីឡាការិនី អ៊ុក ស្រីមុំ និងម្ចាស់មេដាយមាសកីឡាស៊ីហ្គេម អ៊ុន ស្រីយ៉ា។ អ្នកទាំងពីរនឹងត្រូវចាប់ដៃគ្នាប្រកួតលើវិញ្ញាសាវាយគូ បន្ទាប់ពីបានហ្វឹកហាត់ខ្លាំងមុនចាកចេញពីមាតុភូមិ ក្រោយបញ្ចប់បេសកកម្មប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមកាលពីថ្មីៗ៕
អត្ថបទ៖ លី ឈុនឡា