បាល់ទាត់៖ ក្លិបតោខៀវ Chelsea កំពុងធ្វើការចរចាទិញខ្សែការពារកណ្តាល ២រូបរួមមានខ្សែការពារ Napoli, Kalidou Koulibaly និង Nathan Ake ពី Manchester City។ ក្រុមរបស់លោក Thomas Tuchel កំពុងមានចន្លោះប្រហោងនៅតំបន់ការពារកណ្តាល បន្ទាប់ពីការចាកចេញរបស់ Antonio Rudiger ទៅ Real Madrid និង Andreas Christiansen ទៅ Barcelona។
Nathan Ake ត្រូវបានគេដឹងថាមានលទ្ធភាពផ្លាស់មកកាន់ Chelsea មុនបើទោះជាមានការចាប់អារម្មណ៍ពីក្លិបជាច្រើននៅ Premier League។ កីឡាករហូឡង់វ័យ ២៧ឆ្នាំរូបនេះបានមកកាន់ Manchester City ពី Bournemouth នៅឆ្នាំ២០២០ ក្នុងតម្លៃ ៤០លានផោន តែចូលលេងបានត្រឹម ៤០ប្រកួតប៉ុណ្ណោះឱ្យក្រុមជើងឯក Premier League មួយនេះ។ Ake ក៏ធ្លាប់ជាកីឡាកររបស់ Chelsea ដែរកាលពីអតីតកាល តែបានត្រឹមចំណាយពេលក្រៅក្លិបជាកីឡាករខ្ចីជើង មុនពេលផ្លាស់ផ្លូវការទៅកាន់ Bournemouth នៅឆ្នាំ២០១៧។
ចំណែកឯប្រធានក្រុមសេណេហ្កាល់ Kalidou Koulibaly វ័យ ៣១ឆ្នាំគឺជាសមាជិករបស់ក្លិបអ៊ីតាលី Napoli តាំងពីឆ្នាំ២០១៤ និងបានបង្ហាញខ្លួនសរុបជាង ៣០០ប្រកួតរួចមកហើយ។ Chelsea បច្ចុប្បន្នកំពុងបោះជំរុំហ្វឹកហាត់នៅទីក្រុង Los Angeles សហរដ្ឋអាមេរិកត្រៀមធ្វើការប្រកួតមិត្តភាព Pre-Season នៅទីនោះ៕
អត្ថបទ៖នាង សុភាវុធ