
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ឡើងវិញ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសុទ្ធសឹងជាប្រភេទអូមីក្រុង ដែលទាមទារឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំ។
យោងតាមសារពិសេស និងបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការឆ្លងឡើងវិញជំងកូវីដ-១៩ប្រភេទ”អូមីក្រុង” ភាគច្រើនឆ្លងក្នុងចំណោមប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ដែលរកឃើញជាបន្តបន្ទាប់ដោយPCR និងការធ្វើតេស្តរហ័ស ដែលមានចំនួនគួរឲ្យព្រួយបារម្ភ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីភាពចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការទប់ទល់ប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩សារជាថ្មីឡើងវិញនេះ ដោយសម្តេចអំពាវនាវ ឲ្យបង្កើនវិធានការទប់ស្កាត់ និងគិតគូរដល់សុខុមាលភាពផ្ទាល់ខ្លួន តាមរយៈការវិលត្រលប់ទៅរកការអនុវត្តដោយខ្ជាប់ពខ្ជួន នូវវិធានការ ៣កុំ និង៣ការពារ និងនាំគ្នាទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងជំរុញទី៣,ទី៤ និងទី៥ ឲ្យបានគ្រប់ៗគ្នា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវកុំឲ្យមើលស្រាលជំងឺកូវីដ-១៩ ប្រភេទ “អូមីក្រុង”នេះឲ្យសោះ ព្រោះវាឆ្លងលឿន និងឆ្លងគ្មានរើសមុខទេ ទោះជាករណីឆ្លងមិនបណ្តាលឲ្យអ្នកជំងឺធ្លាក់ខ្លួនដល់កម្រិតធ្ងន់ធ្ងរ ឬស្លាប់ក៏ពិតមែន តែអ្វីដែលយើងត្រូវធ្វើជាចាំបាច់នោះ គឺត្រូវកាត់ផ្តាច់ការចម្លងនេះ កុំឲ្យឆ្លងបន្តចូលក្នុងសហគមន៍ធ្ងន់ធ្ងរ ឬចូលទៅកាន់ទីជនបទ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសជំរុញដល់មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ណែនាំដល់ប្រជាប្រជាពលរដ្ឋឲ្យទៅទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមប្រភេទដូស ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញទី៣ ,ទី៤ និងទី៥ ដែលជាវិធានការល្អបំផុតតែមួយគត់ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ហើយត្រូវចាំថា “គ្មាននរណាម្នាក់មកឈឺជំនួសយើងទេ”៕