ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីរំលឹកខួបលើកទី២៩ឆ្នាំ នៃការបង្កើតស្ថាប័នរបស់ខ្លួននៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមដសនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ពិធីនេះក៏មានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ ដោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីតំណាងក្រសួង ស្ថាប័ន នាយទាហាន នាយនគរបាល នាយអាវុធហត្ថ អស់លោក លោកស្រី អនុព័នយោធាបណ្តាប្រទេសជាមិត្ត ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។
នៅក្នុងពិធីរំលឹកខួប២៩ឆ្នាំ នៃការបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេសនេះផងដែរ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក៏បានសម្ពោធដាក់អោយប្រើប្រាស់អគារសេនាធិការដ្ឋានថ្មីមួយរបស់ខ្លួន ដើម្បីជាការអបអរដល់ថ្ងៃបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ - ១៤កក្កដា ២០២២ ផងដែរ។ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលចាប់ផ្តើមបញ្ចុះបឋមសិលាកសាងនេះ គឺជាសំណង់ជំហានដំបូងនៅលើផ្ទៃដី ៣០.៧០០ម៉ែត្រការ៉េ ទំហំអគារទទឹងប្រវែង១១ម៉ែត្រ បណ្តោយប្រវែង៥៦ម៉ែត្រ កម្ពស់៣ជាន់ប្រើប្រាស់ថវិកា ចំនួន ៦២០.០០០ដុល្លារអាមេរិក និងត្រូវប្រើរយៈពេលសាងសង់ប្រមាណ៣៦ខែ។ ថវិកាសម្រាប់ការសាងសង់នេះ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺចូលរួមចំនួន១០ម៉ឺនដុល្លារ ដើម្បីចាប់ផ្តើមការដ្ឋាន ក្រៅពីនេះ និងបន្តចលនាសប្បុរសជន។
កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ។ កងរាជអាវុធហត្ថមានតួនាទី និងភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ ការពារកិត្តិយស និងផលប្រយោជន៍យោធា និងផ្តល់កម្លាំងគាំទ្រ ក្រសួង ស្ថាប័ន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ ។ មានវិសាលភាពលើផ្ទៃប្រទេសទាំងមូលទៅលើយោធាក្នុងជួរកងទ័ព និងលើពលរដ្ឋស៊ីវិលថែមទៀតផងនេះ៕ អត្ថបទ៖ ហុង វាស្នា










