ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម មានប្រសាសន៍ថា ការអនុវត្តនូវរបបប្រាក់សោធនសម្រាប់កម្មករនិយោជិតនៃវិស័យឯកជន ជាបានឆ្លើយតប ទៅនឹងអ្វីដែលរដ្ឋាភិបាលបានដាក់ចេញ និងក្នុងការអភិវឌ្ឍរបបសន្តិសុខសង្គមផងដែរ។
នៅចំពោះមុខថ្នាក់ដឹកនាំសហជីព និងក៏ជាកិច្ចប្រជុំលើកទី២ នៃយុទ្ធនាការ៩០ថ្ងៃ ដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអត្ថប្រយោជន៍ និងកាតព្វកិច្ច ដែលកម្មករនិយោជិត និងនិយោជក ត្រូវមានកាតព្វកិច្ច និងទទួលបានពីការអនុវត្តរបបផ្នែកប្រាក់សោធន កាលពីរសៀលថ្ងៃទី១៣ កក្កដា ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានលើកឡើងថា របបប្រាក់សោធនសម្រាប់វិស័យឯកជន គឺបានកំណត់យ៉ាងច្បាស់ក្នុងអនុសាសន៍ទី៧ ក្នុងចំណោមអនុសាសន៍ទាំង១០ចំណុច របស់សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន នាអំឡុងពេលចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតរយៈពេល ២ឆ្នាំ កាលពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩កន្លងទៅ។
ក្នុងន័យនេះ ការអនុវត្តនូវរបបថ្មីនេះ ជាការទន្ទឹងរង់ចាំរបស់កម្មករនិយោជិត និងនិយោជក នៃបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនៅក្នុងច្បាប់នេះ បានកំណត់ការគ្រប់គ្រងរបបសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា។
ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ជាចំណែកមួយក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសបង្ការហានិភ័យខ្ពស់នៃការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា៕
អត្ថបទ៖ឈិត បូរ៉ាវី