ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញជំរុញសមត្ថកិច្ចអនុវត្តកិច្ចការងារការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះជាកិច្ចការងាររបស់អាជ្ញាធរ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានី។
ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវរួមគ្នាធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ ព្រោះថា កិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាកិច្ចការងាររបស់អាជ្ញាធរ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពនេះឯង ដែលត្រូវអនុវត្តឱ្យបានល្អបំផុត។ ការជម្រុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទះនៅក្នុងមូលដ្ឋាន និងការដាក់កម្លាំងល្បាតនៅក្នុងតំបន់ដែលអាជ្ញាធរគិតថាស្មុកស្មាញ និងងាយរងគ្រោះ។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ផងដែរថា ក្នុងនាម អាជ្ញាធរ និងកងកម្លាំងត្រូវគិតថា សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ គឺជារឿងសំខាន់ ដោយហេតុថា មនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់គាត់សុទ្ធតែត្រូវការសន្តិសុខដូចគ្នា។ ទោះបីជាយ៉ាងណាក្តី ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះកងកម្លាំងទាំង២ប្រភេទ ដែលបានបង្ក្រាបក្មេងទំនើងបានជាច្រើនករណីនាប៉ុន្មានថ្ងៃកន្លងមកនេះ។ ក្មេងទំនើងទាំងនេះភាគច្រើនជាសិស្សសាលា ដូច្នេះលោកស្នើឱ្យអភិបាលខណ្ឌ និងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ត្រូវសហការគ្នា មើលសិស្សដែលគេចសាលារៀនឱ្យបានម៉ឺងម៉ាត់ និងរកវិធីដើម្បីបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះឱ្យបាន។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានស្នើឱ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវជំរុញប្រជាពលរដ្ឋឱ្យទៅទទួលយកវ៉ាក់សាំង និងដុសជំរុញឱ្យបានគ្រប់គ្នា ព្រោះថា ជម្ងឺកូវីដ-១៩ បានកំរើកឡើងវិញហើយ ដែលយើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





