ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួម ពី UNICEF និងអគ្គលេខាធិការដ្ឋានអាស៊ាន ទទួលបន្ទុកសហគមន៍សង្គម វប្បធម៌អាស៊ាន និងភាគីពាក់ព័ន្ធជាច្រើនទៀត បានរៀបចំកិច្ចប្រជុំរួមគ្នាពីការបង្កើតសេចក្ដីណែនាំថ្នាក់តំបន់ ពីតួនាទី ភារកិច្ចកម្លាំងសេវាសង្គម។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមវត្តមាន របស់ឯកឧត្តម វង សូត ជារដ្ឋមន្រ្តី នៅថ្ងៃនេះ បានបើកកិច្ចប្រជុំពិគ្រោះយោបលអាស៊ាន ស្ដីពីការបង្កើតសេចក្ដីណែនាំថ្នាក់តំបន់ពីតួនាទី និងភារកិច្ច នៃកម្លាំងសេវាសង្គម។
ក្នុងនាមជារដ្ឋមន្ត្រី ឯកឧត្តមលើកឡើងថា កិច្ចប្រជុំនេះពិតជាមានសារៈខាន់ ក្នុងគោលដៅពង្រឹងកិច្ចគាំពារសង្គម និងដាក់ជូនប្រមុខថ្នាក់ដឹកអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជានឹងធ្វើជាប្រធាន នៅក្នុងឆ្នាំ២០២២ នេះ។
ឯកឧត្តមបន្តថា ការរៀបចំបង្កើតសេចក្តីណែនាំថ្នាក់តំបន់នេះឡើង គឺដើម្បីជាជំនួយដល់រដ្ឋជាសមាជិកអាស៊ាន ក្នុងការអនុវត្តនូវផែនទីបង្ហាញផ្លូវអាស៊ាន ដែលត្រូវបានប្រមុខរដ្ឋអាស៊ានកត់សំគាល់។
ពាក់ព័ន្ធនឹងរឿងកម្លាំងសេវាសង្គមនេះ កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់នូវ “ផែនការយុទ្ធសាស្ត្រស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ២០២២-២០៣១” និងផ្សព្វផ្សាយឯកសារទឡ្ហីករណ៍ស្ដីពីការ វិនិយោគលើកម្លាំងសេវាសង្គម និងសេចក្តីណែនាំស្ដីពី “តួនាទីនិងភារកិច្ចសម្រាប់មន្ត្រីទទួលបន្ទុកជាបុគ្គលិកសង្គមកិច្ច ក្រុង ស្រុក ខណ្ឌ” ដែលជារបត់មួយ ក្នុងការបង្កើនការផ្តល់សេវាសង្គមកិច្ចឱ្យកាន់តែទូលំទូលាយ និងចំគោលដៅ។
តាមគោលដៅ គឺសំដៅពង្រឹងសមត្ថភាព និងបង្កើនចំនួនកម្លាំង សេវាសង្គមកិច្ចយ៉ាងហោចណាស់ ត្រូវមានអ្នកអាជីពសង្គមកិច្ច ឬអ្នកអាជីពសង្គមកិច្ចរង ២នាក់ក្នុង ១ ឃុំ-សង្កាត់ ដើម្បីលើកកម្ពស់កម្លាំងសេវាសង្គម ក្នុងការគាំពារនូវសុខុមាលភាពរបស់ប្រជាជន និងផ្តល់សេវាជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕អត្ថបទ៖ គឹមហុក