ភ្នំពេញ៖ លោក សាន្ត ប៊ុនធឿន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ចំពោះជនត្រូវចោទដែលជាជនជាតិចិន ១១នាក់ ពាក់ព័ន្ធករណីកែច្នៃផលិតគ្រឿងញៀនជាង ១,៨០តោន និងសារធាតុគីមីជាង ២៧៦តោន នៅព្រលប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២២នេះ
សូមបញ្ជាក់ផងដែរ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងអ្ននាំពាក្យអយ្យអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ តំណាងអយ្យការបានបេីកការស៊េីបសួរ នៅថ្ងៃនេះ ចំពោះជនសង្ស័យជាជនជាតិចិន ចំនួន១១នាក់ ពាក់ព័ន្ធករណីបានរឹបអូសសារធាតុញៀនជាង ១,៨០តោន និងសារធាតុគីមី ជាង ២៧៦តោន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កណ្តាល ពីបទ ផលិតដោយខុសច្បាប់នូវសារធាតុញៀន បទ ផលិត រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងបទសម្អាតប្រាក់ តាមមាត្រា ៣៩ មាត្រា ៤៧ និងមាត្រា ៥៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
គួរបញ្ជាក់ថា ការចាប់ខ្លួនក្រុមគ្រឿងញៀននេះធ្វើឡើងជាបន្តបន្ទាប់ពីថ្ងៃទី ០៤ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ដោយនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យក១ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និង សហការជាមួយកម្លាំងជំនាញគយប្រចាំការនៅកំពង់ផែអន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល ដែលមានការសម្របសម្រួលដោតអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អយ្យការអមសាលាដំបូងខេត្តកណ្តាលលោក អយ្យការអមសាលាដំដូងខេត្តស្វាយរៀង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង ។
សូមបញ្ជាក់ថា ករណីនេះសមត្ថកិច្ចបានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនកែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ០៧គោលដៅ ខេត្តស្វាយរៀង០២គោលដៅ ខេត្តព្រៃវែង០១គោលដៅ ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃ ផលិត១ទីតាំង និងស្តុកទុកចំនួន ៦ទីតាំង។
ក្នុងរង្វងប្រតិបត្តិការកម្លាំងនគរបាលជំនាញបានដកហូតវត្ថុតាង រួមមាន របាយសារធាតុញៀនកេតាមីន ចំនួន ជាង១តោន ៨២៧ គីឡូក្រាម សារធាតុគីមី និងគីមីផ្សំចំនួន ជាង ២៧៦តោន ឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់កែច្នៃ ផលិតគ្រឿងញៀនមួយចំនួនធំ កេតាមីន ទម្ងន់សុទ្ធ២១៨.៦២ក្រាម រថយន្ត ០៨គ្រឿង ម៉ូតូ ០៣គ្រឿង ទូរស័ព្ទដៃ ១៩គ្រឿង អចលនទ្រព្យ ចំនួន ០៧កន្លែង មានដូចជាខុនដូរ០២ ឃ្លាំង០៤ រោងចក្រផលិត០១ និងផ្ទះវីឡា០១បច្ចុប្បន្ន ត្រូវចោទទាំង១១នាក់ ត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារព្រៃស (ម១) ជាបណ្តោះអាសន្ន៕ អត្ថបទ ៖ កុម្ភៈ








