ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូដឹកនាំអត្តពលិក កីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ បានដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជនពិការជម្រើសជាតិទាំងអស់ ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ រួមមាន ដូសទី៤ និងដូសទី៥ នៅមជ្ឈមណ្ឌលកីឡា Premium Sport Club ។
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមប្រតិភូ និអត្តពលិកកីឡាជនពិការកម្ពុជា បានថ្លែងអំណរគុណជាថ្មី ដល់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានយកចិត្ត ទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះសុខភាពសាធារណៈដល់ប្រជាពលរដ្ឋទូទៅ ពិសេសក្រុមកីឡាករ-កីឡាការិនីជន ពិការកម្ពុជា ដែលត្រៀមចេញទៅប្រកួតកីឡាប្រចាំតំបន់ នាពេលខាងមុខ ឲ្យទទួលបាននូវវ៉ាក់សាំងដូស ជំរុញបន្ថែម ។
យ៉ាងណាក្ដី ឯកឧត្តម បានសំណូមរដល់ប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់ ទោះបីទទួល បានវ៉ាក់សាំងដូសជំរុញបន្ថែមក្ដី តែត្រូវអនុវត្តឲ្យបានជានិច្ចនូវវិធានាការ ៣ការពារ និង ៣កុំ ពិសេសអំឡុង ពេលបំពេញបេសកកម្មចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខ ចៀសវាងនូវការឆ្លងជំងឺ កូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់ការប្រកួត។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ការទទួលបាននូវវ៉ាក់សាំងនេះ នឹងបង្កើនភាពស៊ាំ និងក្លាយជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីលើកទឹកចិត្តអត្តពលិកជនពិការកម្ពុជា ឆ្ពោះទៅដណ្ដើមមេដាយ និងឧត្តមភាពជូនជាតិ ។
កីឡាករ អាន ស៊ីណែត ប្រធានក្រុមបាល់បោះនារីរទេះជនពិការជម្រើសជាតិកម្ពុជា បានសម្ដែងនូវ សេចក្ដីត្រេកអរជាខ្លាំង ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានរៀបចំ នូវយុទ្ធនាការចាក់វ៉ាក់សាំងដល់កីឡាករ-កីឡាការិនីគ្រប់រូប។ ការទទួលនូវវ៉ាក់សាំងនេះ ជាកម្លាំងចលករដ៏សំខាន់ លើកទឹកចិត្តពួកខ្លួនឲ្យកាន់តែខិតខំប្រឹងប្រែងប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ។
តាមគម្រោងប្រតិភូ និងអត្តពលិកកីឡាប៉ារ៉ាឡាំពិកកម្ពុជា នឹងចាកចេញពីមាតុភូមិ នាថ្ងៃទី២៦ ខែកក្កដា នេះ ខណៈការប្រកួត នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៣០ ខែកក្កដា និងបញ្ចប់នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងសូឡា ។
បេសកកម្មដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី នេះ កម្ពុជា បានបញ្ចូនប្រតិភូ និងអត្តពលិក សរុប ១៦៦នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ចំនួន១៦៦នាក់ ៕អត្ថបទ៖ លី ឈុនឡា