បាល់ទាត់៖ ខ្សែបម្រើប្រយុទ្ធបារាំង Ousmane Dembele និង Barcelona បានឈានដល់កិច្ចព្រមព្រៀងក្នុងការបន្តកិច្ចសន្យាថ្មី ២ឆ្នាំបន្ថែម។ កីឡាករវ័យ ២៥ឆ្នាំរូបនេះផុតសុពលភាពកិច្ចសន្យាចាស់ត្រឹមរដូវក្តៅនេះ តែនៅពេលនេះ Dembele នឹងបន្តនៅជាមួយ Barcelona នៅឆ្នាំ២០២៤។

Ousmane Dembele បានមកដល់ Barcelona កាលពីឆ្នាំ២០១៧ ផ្ទេរពីក្លិបអាល្លឺម៉ង់ Borussia Dortmund ក្នុងតម្លៃ ៩៦.៨លានផោន។ មកដល់ពេលនេះ Ousmane Dembele បង្ហាញខ្លួនសរុបបាន ១៥០ប្រកួតរកបាន ៣២គ្រាប់ និង ៣៤បាល់បញ្ជូន។ Dembele មិនសូវបានលេងជាប់លាប់ឡើយនៅ Barcelona ដោយសារបញ្ហារបួសញាំញី តែក៏បានចូលលេង ៣២ប្រកួតដែររដូវកាលមុននេះរកបាន ២គ្រាប់ ១៣បាល់បញ្ជូន។ សូមបញ្ជាក់ថា Dembele ត្រូវបានក្លិបនៅ Premier League តោខៀវ Chelsea តាមប្រមាញ់ ក៏ដូចជាក្លិបជើងឯកបារាំង Paris Saint Germain ផងដែរ៕
អត្ថបទ៖នាង សុភាវុធ