ពោធិ៍សាត់៖ បើតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ នៅក្រុងពោធិ៍សាត់ បានឡើងដល់កម្ពស់ ៥.៣០ម៉ែត្រ ហួសពីកំរិតប្រកាសអាសន្នដែលមានកម្ពស់ត្រឹមតែ៥ម៉ែត្រ ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តក៏បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសអ្នករស់នៅតាមដងស្ទឹង សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗនិងសូមត្រៀមរកទីទួលសុវត្ថិភាព ។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអោយដឹងថា ទោះជាកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ផ្នែកខាងក្រោម ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានឡើងខ្ពស់ហួសពីកម្ពស់ប្រកាសអាសន្នក៏ដោយ តែអាចនឹងស្រកទៅវិញឆាប់ៗ ព្រោះកម្ពស់ទឹកស្ទឹងផ្នែកខាងលើ ក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានស្រកចុះវិញហើយ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ។
តែបើមានភ្លៀងធ្លាក់ច្រើនបន្តទៀត នៅឯស្រុកភ្នំក្រវាញ និងស្រុកវាលវែង នោះអាចនឹងមានគ្រោះទឹកជំនន់នៅក្រុងពោធិ៍សាត់ និង ស្រុកកណ្តៀង ។
កម្ពស់ទឹកស្ទឹង ផ្នែកខាងលើ គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២
-សឹ្ទងក្រវាញ មានកម្ពស់ 2 .58ម កម្ពស់ប្រកាសអាសន្ន 6.00ម
-សឹ្ទងវាលវែង មានកម្ពស់ 1.20ម កម្ពស់ប្រកាសអាសន្ន 9.00ម
អាជ្ញាធរខេត្តពោធិ៍សាត់ ដែលមាន លោក ចេង ឡៃ អភិបាលរងខេត្តតំណាង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំមន្ត្រីជំនាញនិងកងកម្លាំង ចុះពិនិត្យស្ថានភាពជាក់ស្តែងពីកម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ហើយអាជ្ញាធរខេត្តបានប្រជុំរៀបចំកម្លាំងរួចជាស្រេចហើយ ត្រៀមចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងករណីមានគ្រោះទឹកជំនន់កើតឡើង ៕អត្ថបទ៖ ពៅ ភិរុណ