ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៤ ខែកក្កដានេះ បានទទួលជួបជាមួយលោក Ozawa Yoshinori ប្រធានសម្ព័ន្ធសមាគម Shiho-Shoshi ជប៉ុន (JFSSLA) និងចុះហត្ថលេខាលើអនុស្សារណៈ ស្ដីពីកិច្ចសហប្រតិបត្តិការថ្មី ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការប្រកបដោយភាពជោគជ័យ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ព័ន្ធសមាគមShiho-Shoshiជប៉ុន តាំងពីឆ្នាំ ២០១៣មកម៉្លេះ ហើយការជួបជុំដ៏មានសារសំខាន់នាពេលនេះ នឹងសម្រេចបាននូវអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការលើកទី១០ សម្រាប់រយៈពេលមួយឆ្នាំបន្តទៀតប្រកបដោយជោគជ័យ។
ឯកឧត្ដម បានសម្ដែងការអបអរសាទរដល់លោកស្រី Kanetake Emiko បន្តអាណត្តិថ្មីជាទីប្រឹក្សានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលលោកស្រី បានរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា ក៏ដូចជាចូលរួមបំពេញបេសកកម្មសម្រេចគោលដៅធំៗរបស់ក្រសួង មានជាអាទិ៍ ចូលរួមចំណែកតាក់តែងច្បាប់ ស្ដីពីសំណង់ឆ្នាំ២០១៩ សម្របសម្រួលការផ្ដល់ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន ដើម្បីកសាងស្ថានីយវាស់វែងដោយផ្កាយរណប និងមន្ទីរពិសោធន៍សំណង់ជាតិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម Mikami Masashiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការងារលើកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងជប៉ុនប្រកបដោយផ្លែផ្កា។
លោកOzawa Yoshinori ប្រធានសម្ព័ន្ធសមាគម Shiho-Shoshi ជប៉ុន បានបញ្ជាក់ថា ឆ្នាំនេះ បន្តចុះអនុស្សារណៈជាឆ្នាំទី២ បន្ទាប់ពីសម្រចបានសមិទ្ធផលការងាររបស់ទីប្រឹក្សាសម្ព័ន្ធសមាគម Shiho-Shoshiជប៉ុន មានដូចជា ទី១ ការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការ ទី២ ការងារសុរិយោដី និងភូមិសាស្រ្ត ទី៣ ការងារសំណង់ ទី៤ ការងារលំនៅឋាន និងទី៥ ការងាររៀបចំដែនដី និងនគរូបនីយកម្ម៕អត្ថបទ៖ យន់ វ៉ាន់