ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ករណីជំងឺគ្រុនឈាម មិនទាន់មានការរាតត្បាតធំនោះទេ បើធៀបនឹងចំនួនមធ្យមរយៈពេល៥ឆ្នាំចុងក្រោយ គឺមានចំនួនករណីទាបជាង។
លោកវេជ្ជបណ្ឌិត បន្តថា ការលុបបំបាត់ជម្រកមូសខ្លា គឺមានប្រសិទ្ធភាពជានិរន្តរ ទាំងអស់នេះជារឿងដែលមេគ្រួសារត្រូវតែអនុវត្តន៍។ ជាក់ស្តែងករណីជំងឺគ្រុនឈាមរយៈពេល ៥ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០១៧-២០២១ ក្នុងនោះករណីជំងឺគ្រុនឈាមឆ្នាំ២០១៧ មានចំនួនសរុប ១៨៨២ករណី, ឆ្នាំ២០១៨ មានចំនួនសរុប៩៤២៤ករណី, ឆ្នាំ២០១៩ មានចំនួនសរុប៩២៥៨ករណី, ឆ្នាំ២០២០ មានចំនួនសរុប២៥៦៥ករណី និងឆ្នាំ២០២១ មានចំនួនសរុប៦៨៥ករណី។ ដោយឡែកបច្ចុប្បន្នភាពជំងឺគ្រុនឈាម ក្នុងការឆ្លើយតបនឹងការរាតត្បាតករណីជំងឺគ្រុនឈាម ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានចំនួន៣៧៥ករណី។
លោកវេជ្ជបណ្ឌិត ងី មានហេង បានសង្កត់ធ្ងន់ថា ករណីជំងឺគ្រុនឈាម គឺកើតលើមនុស្សគ្រប់វ័យ ប្រជាពលរដ្ឋដែលមានការសង្ស័យថាកើតជំងឺគ្រុនឈាមដំបូង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅរកសេវាសុខាភិបាលរបស់មនី្ទរពេទ្យរដ្ឋ ព្រោះថាក្នុងមូលដ្ឋានរាជធានីភ្នំពេញ យើងមានមណ្ឌលសុខភាព ចំនួន៤៣មណ្ឌលសុខភាព មនី្ទរពេទ្យបង្អែក ចំនួន០៨ និងមនី្ទររដ្ឋថ្នាក់ជាតិ សម្រាប់ពិនិត្យ ព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីនៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ខិតខំបំពេញភារកិច្ចរបស់ខ្លួន ចុះអន្តរាគមន៍ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា ដាក់ថ្នាំអាបែត តាមផ្ទះ និងបាញ់ថ្នាំមូសតាមសហគមន៍ងាយរងគ្រោះ ព្រមទាំងចុះអប់រំមាតា បិតា អាណាព្យាបាល របស់កុមារឲ្យទទួលខុសត្រូវ ចូលរួមលុបបំបាត់ជម្រកមូសខ្លា ខាំកូនៗ និងនាំកូនទៅមនី្ទរពេទ្យឲ្យទាន់ពេលវេលានៅពេលក្តៅខ្លួន និងចេះថែទាំអ្នកជំងឺគ្រុនឈាមផងដែរ៕ អត្ថបទ៖ រដ្ឋា

