មីយ៉ាន់ម៉ា៖ ចំនួនអ្នកស្លាប់ជាជនស៊ីវិលក្នុងការបង្ក្រាប របស់ក្រុមយោធាមីយ៉ាន់ម៉ាទៅលើក្រុមបាតុករបានកើនដល់ ៥២១នាក់ ខណៈក្រុមឧទ្ទាមប្រដាប់អាវុធកាលពីថ្ងៃអង្គារ បានគំរាមរដ្ឋាភិបាលយោធាថា ខ្លួននឹងសងសឹក ប្រសិនបើនៅតែមិនបញ្ឈប់ការសម្លាប់បង្ហូរឈាម។

មហាអំណាចពិភពលោកបានបង្កើនការថ្កោលទោស ចំពោះយុទ្ធនាការរបស់យោធាប្រឆាំងនឹងចលនាប្រឆាំងរដ្ឋប្រហារ ដែលទាមទារឲ្យប្រគល់អំណាចជូនរដ្ឋាភិបាលជាប់ឆ្នោត និងការដោះលែងមេដឹកនាំស៊ីវិល លោកស្រី Aung San Suu Kyi។ ទីក្រុងវ៉ាស៊ីនតោនបានផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពមីយ៉ាន់ម៉ា ហើយប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យមានចលនារួបរួមសកល ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលយោធា បន្ទាប់ពីក្រុមបាតុករជាង ១០០នាក់ត្រូវបានសម្លាប់ដ៏បង្ហូរឈាម កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន។
បន្ថែមលើយុទ្ធនាការដាក់សម្ពាធនោះ ក្រុមឧទ្ទាមជនជាតិភាគតិចចំនួន ៣ក្រុមកាលពីថ្ងៃអង្គារបានថ្កោលទោសការបង្ក្រាប និងបានគំរាមថានឹងចូលរួមតតាំងជាមួយក្រុមបាតុករ លុះត្រាតែយោធាបញ្ឈប់អំពើហិង្សារបស់ខ្លួន៕
អត្ថបទ៖ សុខមាន