បាល់ទាត់៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៦ (ថ្នាក់ជាតិ) នឹងត្រូវប្រកួតវគ្គ ១៦ក្រុមចុងក្រោយនាថ្ងៃទី២៧ ខែកក្កដាសប្ដាហ៍ក្រោយ បន្ទាប់ពីរកឃើញបេក្ខភាពក្រុមក្របខណ្ឌលីគកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី១១ និងក្រុមដែលឆ្លងកាត់ការប្រកួតជម្រុះថ្នាក់ជាតិកាលពីថ្មីៗ។
សម្រាប់បេក្ខភាពត្រូវជួបគ្នាដែលត្រូវជួបគ្នានៅវគ្គ ១៦ក្រុមចុងក្រោយក្នុងដំណាក់កាលទី៣ នៃពានថ្នាក់ជាតិនេះ រួមមានក្រុមសូលទីឡូអង្គរត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង, ក្រុមសៀមរាបអេហ្វស៊ីជួបក្រុមវិសាខា, ក្រុម ISI ដង្កោសែនជ័យជួបក្រុមបឹងកេត, ក្រុមកោះកុងអេហ្វស៊ីជួបក្រុមអង្គរថាយហ្គឺរ, ក្រុមព្រៃវែងអេហ្វស៊ីជួបក្រុមភ្នំពេញក្រោន, ក្រុមនគរបាលជាតិជួបក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមអគ្គិសនីកម្ពុជាជួបក្រុមគិរីវង់សុខសែនជ័យ។ ចំណែក ១គូទៀតគឺក្រុមណាហ្គាវើលដ៏ត្រូវឈរចាំការប្រកួតកាត់សេចក្ដីជើងទី២ ក្នុងវគ្គជម្រុះថ្នាក់ជាតិរវាងក្រុមអាស៊ីអឺរ៉ុប និងក្រុមភ្នំពេញហ្គាឡាក់ស៊ីនាថ្ងៃទី២០ ខែកក្កដាខាងមុខ ដ្បិតក្រុមទាំងពីរនេះទើបប្រកួតបាន ១ជើងដោយក្រុមភ្នំពេញហ្គាឡាក់ស៊ីបានទទួលជ័យជម្នះក្នុងលទ្ធផល ២-១។ ដូច្នេះក្រុមដែលទទួលបានជ័យជម្នះរវាងក្រុមទាំងពីរនឹងត្រូវឡើងមកជួបក្រុមណាហ្គាវើលដ៏ ក្នុងពានថ្នាក់ជាតិនាសប្ដាហ៍ក្រោយ។
សូមបញ្ជាក់ថា ពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះគឺបែងចែកការប្រកួតជា ៣ដំណាក់កាលជាមួយការកែប្រែបទបញ្ជាការប្រកួតមួយចំនួន។ ដំណាក់កាលទី១ គឺជាការប្រកួតជម្រុះថ្នាក់ខេត្ត ដោយមានបេក្ខភាពក្រុមមកពីរាជធានី-ខេត្ត ១៧ក្រុមចូលរួម។ ដំណាក់កាលទី២ គឺជាកាបរ្រកួតរវាងក្រុមលេខ១ ដល់លេខ៤ នៃពានថ្នាក់ខេត្តជាមួយក្រុមក្របខណ្ឌលីកទី២ ដើម្បីចម្រាញ់បេក្ខភាព ៨ក្រុមឡើងបង្គ្រប់កៅអីវគ្គ ១៦ក្រុមចុងក្រោយនៃពានថ្នាក់ជាតិ ដែលមានសមាជិកក្រុមលីគកំពូល ៨ក្រុមឈរចាំ។ សម្រាប់ពានសម្ដេចតេជោ-ថ្នាក់ជាតិឆ្នាំនេះដែរ ទាំងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ វគ្គ ៨ក្រុមចុងក្រោយ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសុទ្ធតែត្រូវឆ្លងកាត់ការប្រកួត ២ជើង (ផ្លាស់ប្ដូរទឹកដីគ្នា) លើកលែងតែការប្រកួតវគ្គផ្ដាច់ព្រ័ត្រប៉ុណ្ណោះដែលត្រូវប្រកួតតែ ១ជើងដើម្បីកាត់សេចក្ដីរកក្រុមជើងឯកលើទឹកដីកណ្ដាល៕
អត្ថបទ៖ លី ឈុនឡា