ភ្នំពេញ៖ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន តាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះថា ដោយគិតត្រឹមថ្ងៃ១៨ ខែកក្កដាម្សិលមិញនេះ នៅរាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៤១ករណី បន្ទាប់ពីកម្ពុជាគ្មានករណីឆ្លងរយៈពេល ៥២ថ្ងៃមកហើយនោះ។
ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បញ្ជាក់ទៀតថា កម្ពុជា ចាប់ផ្តើមមានករណីឆ្លងថ្មីឡើងវិញ ចាប់ពីថ្ងៃទី២៨ ខែមិថុនា រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩ ១៤១ករណី (ករណីជំងឺកូវីដ១៩ វិជ្ជមានថ្មី ពិនិត្យដោយម៉ាស៊ីន PCR សំរាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ករណីឆ្លងក្នុងសហគមន៍ មានចំនួន១៨ករណីនៅរាជធានីភ្នំពេញ សុំវិញ្ញាបនបត្រ និងសុំសម្រាកព្យាបាលតាមផ្ទះរៀងខ្លួន) គ្មានករណីស្លាប់ និងគ្មានរោគសញ្ញាធ្ងន់ធ្ងរ គឺសុទ្ធតែព្យាបាលនៅតាមផ្ទះរៀងៗខ្លួន គ្មានអ្នកជំងឺកូវីដ-១៩ មកសម្រាកព្យាបាលនៅតាមមនី្ទរពេទ្យនោះទេ។ បើទោះបីជាជំងឺកូវីដ-១៩ មានការឆ្លងឡើងវិញ និងមានចំនួនតិចតួចក៏ដោយ ប៉ុន្តែគ្រប់មនី្ទរពេទ្យទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានត្រៀមរួចជាស្រេច ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ។
ឯកឧត្តម បានអះអាងទៀតថា ទីតាំងព្យាបាលកូវីដ-១៩ គឺនៅតាមមនី្ទរពេទ្យរដ្ឋទាំងអស់ គឺ៨មនី្ទរពេទ្យបង្អែក និងមនី្ទរពេទ្យជាតិ ចំនួន៧-៨ សរុបទាំងអស់១៥មនី្ទរពេទ្យ។
ជាចុងក្រោយឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបន្ថែមទៀតថា អ្នកជំងឺកូវីដ-១៩ ចង់សម្រាកព្យាបាលនៅតាមមនី្ទរពេទ្យឯកជន លុះត្រាតែមនី្ទរពេទ្យឯកជនទាំងនោះ មានការអនុញ្ញាតពីក្រសួងសុខាភិបាល ទើបអាចទៅទទួលព្យាបាលជំងឺកូវីដ-១៩បាន និងសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តរក្សាការប្រុងប្រយ័ត្ន និងបន្តចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ទី៣ ទី៤ និងទី៥ ឲ្យបានគ្រប់ចំនួនជាចាំបាច់ ដែលមានគម្លាតពីដូសមួយទៅដូសមួយទៀត មានរយៈពេលពី៣ខែឡើងទៅ។
ក្នុងករណីប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថា មានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យ ពិគ្រោះជំងឺនៅតាមមនី្ទរពេទ្យរដ្ឋ៕ អត្ថបទ រដ្ឋា


