ភ្នំពេញ៖ ជនសង្ស័យបទល្មើសនេសាទចំនួន២៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៥០ករណី ខណៈសម្ភារៈនេសាទឆក់ក្តៅ និងត្រជាក់រាប់ពាន់ករណីត្រូវបានរឹបអូសចាប់ពីខែមីនា ឆ្នាំ២០២២ មកបន្ទាប់ពីមានបទបញ្ជាក្តៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានរដ្ឋបាលជលផល។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលបានរៀបចំឡើង ដោយទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ពុំ សុថា បានលើកឡើងថា ក្រុមការងារបង្រ្កាបបទល្មើសនេសាទ នៅបឹងទន្លេសាបជាទ្រង់ទ្រាយធំ ចាប់ពីមានបទបញ្ជាយ៉ាងក្តៅគគុក ពីប្រមុខរាជរដ្ឋាភិបាលមក ធ្វើការឃាត់ខ្លួនមនុស្សបានមួយចំនួនរួមទាំងសម្ភារៈនេសាទ ខណៈជនសង្ស័យមួយចំនួនទៀតបានកំពុងស្រាវជ្រាវចាប់ខ្លួន។
សូមបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ធ្វើការសហការគ្នាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរខេត្តត្រូវចាត់វិធានការក្តៅបំផុតចំពោះបទល្មើសនេសាទ នៅតាមបឹងទន្លេសាប ដែលបានធ្វើឲ្យបាត់បង់ផលនេសាទច្រើននាពេលកន្លងមក។
ក្រោយមានបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្រុមមន្រ្តីប្រឆាំងបទល្មើសនេសាទ ធ្វើការចាប់ជនសង្ស័យបានជាបន្តបន្ទាប់ ដោយប្រើប្រាស់មធ្យោបាយអាកាស និងទឹក៕ អត្ថបទ៖ បាន ចក់
