បាល់ទាត់៖ ក្លិបបាល់ទាត់អ៊ីតាលី AS Roma បានប្រកាសផ្លូវការហើយពីការនាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ពីសេះបង្កង់ Juventus ដោយគ្មានតម្លៃផ្ទេរ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៣ ឆ្នាំជាមួយ Roma ដែលដឹកនាំដោយ Jose Mourinho។

ផ្ទេរពី Palermo នៅឆ្នាំ ២០១៥ Paulo Dybala បង្ហាញខ្លួននៅ Juventus សរុបបាន ២៩៣ ប្រកួតរកបាន ១១៥ គ្រាប់ឈ្នះជើងឯកអ៊ីតាលី Serie A ប្រាំលើក។ មុនចុះហត្ថលេខាលេងឱ្យ Roma នេះ Paulo Dybala ក៏មានទំនាក់ទំនងផ្ទេរទៅកាន់ទឹកដីអង់គ្លេសដែររួមមាន Manchester United និង Tottenham Hotspur កាលពីឆ្នាំ ២០១៩ តែមិនបានសំរេច។ Paulo Dybala បង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអាហ្សង់ទីន ៣៤ លើករកបាន ៣ គ្រាប់ និងរកបានមួយគ្រាប់ដែរនៅពេលអាហ្សង់ទីនយកឈ្នះអ៊ីតាលីកាលពីខែមិថុនានៅកីឡដ្ឋាន Wembley ដែលជាជំនួបរវាងជើងឯកអាមេរិកខាងត្បូង និងជើងឯកអឺរ៉ុប។ AS Roma បញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ៦ ក្របខណ្ឌអ៊ីតាលី Serie A និងឈ្នះពានក្របខណ្ឌអឺរ៉ុបទី ៣ UEFA Europa Conference League ក្នុងរដូវកាលដំបូងរបស់លោក Jose Mourinho៕
អត្ថបទ៖នាង សុភាវុធ