ប្រណាំងកង់៖ អ្នកការពារតំណែងជើងឯកកីឡាកររ៉ូម៉ានី Tadej Pogacar បានប្រជែងឈ្នះដំណាក់កាលទី ១៧ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Tour de France នៅថ្ងៃពុធម្សិលមិញនេះ តែកីឡាករដាណឺម៉ាក Jonas Vingegaard នៅតែបន្តនាំមុខរួមដដែល។

ដំណាក់កាលទី ១៧ ដែលមានចំងាយផ្លូវ ១៣០គីឡូម៉ែត្រ កីឡាកររបស់ក្រុមប្រណាំង UAE Team Emirate, Tadej Pogacar បានមកដល់ទីព្រ័ត្រចំណាយពេល ៣ ម៉ោង ២៥ នាទី ៥១ វិនាទីតាមពីក្រោយដោយ Jonas Vingegaard របស់ក្រុម Jumbo-Visma ក្នុងថេរវេលាដូចគ្នា និងលេខ ៣ កីឡាករអាមេរិក Brandon McNulty យឺតជាង ៣២ វិនាទី។
យ៉ាងណាក្តីក្រោយប្រណាំងបាន ១៧ ដំណាក់កាលនេះ កីឡាករដាណឺម៉ាក Jonas Vingegaard នៅតែរក្សាការនាំមុខគេដដែលក្នុងតារាងវេលារួមចំណេញ ២ នាទី ១៨ វិនាទីពីលើអ្នកលេខ ២ Tadej Pogacar និងលេខ ៣ កីឡាករអង់គ្លេស Geraint Thomas យឺតជាងដល់ទៅ ៤ នាទី ៥៦ វិនាទី។ សំរាប់ដំណាក់កាលទី ១៨ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៤៣.៥គីឡូម៉ែត្រជាដំណាក់កាលដែលត្រូវឆ្លងកាត់ស្ថានភាពផ្លូវឡើងចុះភ្នំ៕
អត្ថបទ៖នាង សុភាវុធ