ភ្នំពេញ ៖ ក្នុងជំនួបតាមប្រព័ន្ធអនឡាញជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្រ្តីការបរទេសទី២ប្រទេសព្រុយណេ សម្តែងការពេញចិត្តចំពោះកិច្ចខិតខំរបស់ប្រេសិតពិសេសប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា។ នេះបេីតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ (Dato Erywan Pehin Yusof) រដ្ឋមន្ត្រីការបរទេសទី២នៃព្រុយណេដារ៉ូស្សាឡាម បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ក៏ដូចជាពិភាក្សាអំពីការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគី ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៣០នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងព្រុយណេដារ៉ូស្សាឡាម។
ក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្រ្តីព្រុយណេរ៉ូស្សាឡាម បានរំឭកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសព្រុយណេដារ៉ូស្សាឡាមចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅក្នុងការដឹកនាំអាស៊ានឆ្លងកាត់បញ្ហាប្រឈមធំៗជាច្រើនរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ ឯកឧត្ដម ក៏បានចែករំលែកទស្សនៈរបស់ឯកឧត្ដមអំពីមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូសន្ទនារវាងអាស៊ាន និងចក្រភពអង់គ្លេស និងនូវែលសេឡង់ ដែលព្រុយណេដារ៉ូស្សាឡាមកំពុងដើរតួនាទីជាប្រទេសសម្របសម្រួលរបស់អាស៊ាន។
ឯកឧត្តម រដ្ឋមន្រ្តីការបរទេសទី២ប្រទេសព្រុយណេដារ៉ូស្សាឡាម ក៏បានសម្ដែងនូវលើកទឹកចិត្តយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងបានចែករំលែកទស្សនៈ និងគំនិតរបស់ឯកឧត្ដមអំពីរបៀបដែលអាស៊ានអាចជំរុញបន្ថែមទៀតនូវការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់មេដឹកនាំអាស៊ាន។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ ចំពោះការគាំទ្ររបស់ព្រុយណេដល់កម្ពុជា និងបានចែករំលែកទស្សនៈរបស់ឯកឧត្តមលើបញ្ហាពហុភាគីផ្សេងៗ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រួមគ្នា។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងក្រៅតំបន់។
បន្ថែមលេីសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រទេសទាំងពីរក៏បានពិភាក្សាផងដែរអំពីទំនាក់ទំនងទ្វេភាគី និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់នៅលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ៕ អត្ថបទ ៖ ឧត្ដម






