ភ្នំពេញ៖ ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ទីបញ្ជាការប្រតិបត្តិការសង្គ្រោះបន្ទាន់ ត្រូវបានធ្វើទំនើបកម្មទាំងសម្ភារៈ និងបច្ចេកទេស ដើម្បីត្រៀមសម្រាប់បញ្ហាគ្រោះមហន្តរាយនាពេលខាងមុខ។
ថ្លែងប្រាប់BTV News នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តែងតែយកចិត្តទុកដាក់អំពីការឆ្លើយតបចំពោះបញ្ហាគ្រោះមហន្តរាយនានាដែលបានកើតឡើងជារៀងរាល់ឆ្នាំ ដោយបានដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ត សំដៅជាយន្តការអនុវត្តសម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តម បន្តថា ដើម្បីធានាដល់ការអនុវត្តប្រតិបត្តិជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយបានកាន់តែមានប្រសិទ្ធភាព គឺតាមរយៈការធ្វើទំនើបកម្មទីបញ្ជាការប្រតិបត្តិការសង្គ្រោះបន្ទាន់ ដោយផ្តោតលើឧបករណ៍សម្ភារបច្ចេកទេស និងការបង្កើតកងឯកភាពដើម្បីជួយសង្គ្រោះជាដើម។
ឯកឧត្តម ប្រាក់ គីមហុង បានបញ្ជាក់ថា ការធ្វើទំនើបកម្មទីបញ្ជាការប្រតិបត្តិការសង្រោះបន្ទាន់នេះ ក៏ជាការួមចំណែក និងត្រៀមរួចរាល់សម្រាប់ការឆ្លើយតបចំពោះបញ្ហាគ្រោះមហន្តរាយនៅកម្ពុជានារដូវវស្សា ខណៈឆ្នាំនេះ ការប្រឈមពីជំនន់ទឹកភ្លៀងបានកំពុងកើតឡើងជាបន្តបន្ទាប់។
បន្ថែសលើសពីនេះ ឯកឧត្តម ប្រាក់ គីមហុង បានណែនាំឲ្យប្រជាពលរដ្ឋរស់នៅតំបន់ងាយប្រឈមដោយសារទឹកជំនន់ តាមដានរាល់ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុ ឬប្រព័ន្ធផ្តល់ដំណឹងលេខ ១២៩៤ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជាការត្រៀមលក្ខណៈ និងទទួលបានកិច្ចសហការ ជួយសង្គ្រោះបានទាន់ពេលវេលា៕ អត្ថបទ៖ ឧត្តម