ទួរគី៖ ការិយាល័យប្រធានាធិបតីទួរគីលោក Tayyip Erdogan បាននិយាយថា ប្រទេសរុស្ស៊ី អ៊ុយក្រែន និងទួរគីនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រនេះដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលបានស្នើឡើងដោយអង្គការសហប្រជាជាតិ ដើម្បីបើកច្រកនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅ ដែលត្រូវបានហ៊ុមព័ទ្ធរបស់អ៊ុយក្រែន។

អ្នកនាំពាក្យរបស់លោក Erdogan លោក Ibrahim Kalin បាននិយាយនៅលើបណ្តាញធ្វីតធឺថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដែលមានសារៈសំខាន់ សម្រាប់សន្តិសុខស្បៀងពិភពលោកនឹងត្រូវបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃសុក្រនេះ ក្រោមការគាំទ្រពីប្រធានាធិបតីទួរគីលោក Erdogan និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres រួមជាមួយគណៈប្រតិភូប្រទេសអ៊ុយក្រែន និងរុស្ស៊ី។ រុស្សី និងអ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ស្រូវសាលីធំនៅលើពិភពលោក ហើយការវាយលុករបស់រុស្ស៊ីមកលើអ៊ុយក្រែនបានធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើង។ លោក Guterres បាននឹងកំពុងធ្វើការលើផែនការឱ្យអ៊ុយក្រែន នាំចេញស្តុកគ្រាប់ធញ្ញជាតិរាប់លានតោនដែលបានជាប់គាំងនៅកំពង់ផែសមុទ្រខ្មៅ ជាវិធានការមួយនឹងបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក ខណៈយ៉ាងហោចណាស់គ្រាប់ធញ្ញជាតិ ២២លានតោនបានជាប់គាំងនៅក្នុងប្រទេសនេះ។
មន្ត្រីទួរគីបាននិយាយថា កាលពីសប្តាហ៍មុនភាគីទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ដោយបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នលើផែនការ ដែលមើលឃើញពីការគ្រប់គ្រងនាវារួមគ្នាសម្រាប់នាវាចាកចេញ និងមកដល់កំពង់ផែសមុទ្រខ្មៅ រួមទាំងយន្តការដើម្បីធានាបានសុវត្ថិភាពនៃការផ្ទេរទំនិញ។ មជ្ឈមណ្ឌលសម្របសម្រួលសម្រាប់ការដឹកជញ្ជូនការនាំចេញ នឹងត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលនឹងរួមមានមន្ត្រីអង្គការសហប្រជាជាតិ ទួរគី រុស្ស៊ី និងអ៊ុយក្រែន។ អង្គការសហប្រជាជាតិនិយាយថា ដោយវិបត្តិស្បៀងអាហារសកលកំពុងកើនឡើង ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់នោះ យើងអាចជួយសង្គ្រោះមនុស្សរាប់លាននាក់ពីវិបត្តិស្បៀងអាហារ ដែលកំពុងមានតម្លៃហួសពីលទ្ធភាពរបស់ពួកគេ៕
អត្ថបទ៖ ប៊ុនថន