មណ្ឌលគិរី៖ រយៈពេលប្រហែល២ខែចុងក្រោយនេះ ខេត្តមណ្ឌលគិរី បានទទួលរងនូវស្ថានភាពភ្លៀងធ្លាក់ញឹកញាប់ ពោលគឺទាំង ពីអំឡុងចុងខែឧសភា រហូតមកដល់ពេលនេះ ប៉ុន្តែទោះបីមានភ្លៀងធ្លាក់ញឹកញាប់ក្ដី ខេត្តមណ្ឌលគិរី មិនបានរងគ្រោះធ្ងន់ធ្ងរ ដោយជំនន់ទឹកភ្លៀងនោះទេ ។
នៅក្នុងខែកក្កដានេះ ស្ថានភាពអាកាសធាតុនៅទូទាំងខេត្តមណ្ឌលគិរី បានរងឥទ្ធិពលភ្លៀងរលឹមទៅខ្លាំងស្ទើររៀង រាល់ថ្ងៃ ហើយកាលពីអំឡុងចន្លោះថ្ងៃទី៩ ដល់ថ្ងៃទី១៣កក្កដានេះ ព្រោះតែមានភ្លៀងធ្លាក់មិនឈប់ ក៏បានធ្វើឲ្យឃុំមួយចំនួន នៅក្នុងស្រុកកែវសីមា រងនូវជំនន់ទឹកភ្លៀងទឹក ក៏បានស្រកទៅវិញដោយមិនបានបង្កភាពធ្ងន់ធ្ងរទៅដល់ប្រជាពល រដ្ឋនោះទេ។
យ៉ាងណាក៏ដោយ ប្រហែល១សប្ដាហ៍ចុងក្រោយនេះ អាកាសធាតុក្នុងខេត្តមណ្ឌលគិរី ពិសេសក្នុងក្រុងសែន មនោរម្យ នៅតែមានធ្លាក់អ័ព្ទពេលព្រឹកព្រលឹម និងមានធ្លាក់ភ្លៀងខ្លះៗដែរ ប៉ុន្តែមានពេលបើកថ្ងៃស្រឡះច្រើន ដែលអាច បង្កលក្ខណៈឲ្យប្រជាពលរដ្ឋចេញក្រៅ ដើម្បីប្រកបរបរផ្សេងៗបាន។
ជាក់ស្ដែងនៅថ្ងៃទី២២កក្កដា នេះ តាំងពីព្រឹកព្រលឹម រហូតដល់វេលាថ្ងៃទីត្រង់ ផ្ទៃមេឃស្រឡះល្អ ពុំមានភ្លៀងធ្លាក់ទេ ហើយក៏ពុំមានសេចក្ដីរាយការណ៍អំពីគ្រោះទឹកជំនន់ នៅតំបន់ណាដែរ ៕
អត្ថបទ៖ អ៊ិត ភីរុណ