អង់គ្លេស៖ លោកស្រី Liz Truss ដែលជាបេក្ខជនឈានមុខគេក្នុងការបន្តតំណែងពីលោក Boris Johnson ជានាយករដ្ឋមន្ត្រីអង់គ្លេសបានសន្យាថា នឹងលុបចោលច្បាប់សហភាពអឺរ៉ុបនៅសល់ទាំងអស់ ដែលនៅតែអនុវត្តក្នុងប្រទេសអង់គ្លេសនៅត្រឹមឆ្នាំ2023 ប្រសិនបើលោកស្រីទទួលជ័យជំនះក្នុងការប្រកួតប្រជែងមេដឹកនាំគណបក្សអភិរក្សនិយម។
ដើម្បីជៀសវាងភាពមិនច្បាស់លាស់ និងភាពច្របូកច្របល់ ខណៈចក្រភពអង់គ្លេសបានដកខ្លួនចេញពីសហភាពអឺរ៉ុប បន្ទាប់ពីសមាជិកភាពរយៈពេល 40ឆ្នាំ រដ្ឋាភិបាលបានអនុវត្តច្បាប់ និងបទប្បញ្ញត្តិរាប់ពាន់របស់សហភាពអឺរ៉ុបដោយស្វ័យប្រវត្តិទៅក្នុងច្បាប់របស់ចក្រភពអង់គ្លេស ដូច្នេះពួកគេនៅតែអនុវត្តបន្ទាប់ពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។ លោកស្រី Truss បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបរារាំងពាណិជ្ជកម្មរបស់យើង ហើយនេះត្រូវតែផ្លាស់ប្តូរ។
រដ្ឋាភិបាលបានដាក់ចេញនូវបំណងរបស់ខ្លួនក្នុងការដាក់ជំនួស ឬលុបចោលច្បាប់របស់សហភាពអឺរ៉ុបដែលមានស្រាប់ ប៉ុន្តែមិនបានកំណត់ពេលវេលានោះទេ។ កាលបរិច្ឆេទកំណត់របស់លោកស្រី Truss នៅត្រឹមឆ្នាំ2023 គឺលឿនជាងការសន្យាស្រដៀងគ្នាដែលធ្វើឡើងដោយលោក Sunak ដែលបានធ្វើយុទ្ធនាការការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេសក្នុងឆ្នាំ2016 ប៉ុន្តែត្រូវបានរិះគន់ដោយជ្រុងមួយចំនួនរបស់គណបក្សអភិរក្សនិយម ចំពោះការបង្កើនពន្ធដល់កម្រិតខ្ពស់បំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍៕
អត្ថបទ៖ ប៊ុនថន