ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៩៨គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០២២ កើនឡើង ១១គម្រោង មានទុនវិនិយោគសរុប ២ ៩៩៨ លានដុល្លារ។
របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថាក្នុងចំណោមគម្រោងវិនិយោគថ្មីទាំងអស់ វិនិយោគទុនក្នុងស្រុក បានឈរនៅលេខរៀងទី១ មានទុនវិនិយោគតំណាង៥៣% នៃទុនវិនិយោគសរុបនៅកម្ពុជា។
តាមទិន្នន័យនេះ វិនិយោគចិនដែលមានប្រមាណ ៤៣.០២% ឬស្មើនឹង១.២៩ពាន់លានដុល្លារ នៃការវិនិយោគសរុបនៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំនេះ ដែល នាំមុខវិនិយោគពីប្រទេស ថៃ, សាម័រ, ប្រីដធីស វីរជិនអាយលែន, កូរ៉េ, សិង្ហបុរី, ខេមិនអាយលែន, ម៉ាឡេស៊ី, ជប៉ុន និងអូស្រ្តាលី។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ការកើនឡើងទាំងចំនួនគម្រោងវិនិយោគ និងទុនវិនិយោគ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទទួលជ័យជម្នះប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈប្រើប្រាស់វ៉ាក់សាំងជាដែលឈានដល់ ការបើដំណើរការសង្គមសេដ្ឋកិច្ច លើប់វិស័យឡើងវិញចាប់តាំងពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២១។
តាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន៧គម្រោង ដែលមានទុនជាង ១០៤លានដុល្លារ, វិស័យឧស្សាហកម្ម មានចំនួន៨៥ គម្រោង មានទុនជាង១ពាន់លានដុល្លារ , វិស័យទេសចរណ៍មាន១គម្រោងវិនិយោគ ដោយទទួលបានទុនជាង ១២៩លានដុល្លារ និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន ៥ គម្រោង ទទួលបានទុន ជាង១.៧ពាន់លានដុល្លារ៕ អត្ថបទ៖ វណ្ណៈ