កំពត៖ ដំណើរកម្សាន្តតាមទូកទេសចរណ៍ទៅមើលថ្ងៃលិច និងមើលអំពិលអំពែក តាមដងព្រែកកំពត ចាប់ផ្តើមដំណើរការធម្មតាឡើងវិញហើយ ក្រោយពេលទ្វាររំដោះទឹកចេញពីអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយ ត្រូវបានបិទវិញ កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា នេះ។
អាជីវករម្ចាស់ទូកទេសចរណ៍កម្សាន្តតាមដងព្រែក “Happy កូនភ្លោះ” បានប្រាប់ឱ្យដឹងថា ដំណើរ កម្សាន្តតាមទូកទេសចរណ៍ទៅមើលថ្ងៃលិច និងមើលអំពិលអំពែកតាមដងព្រែកកំពត ចាប់ផ្តើមដំណើរការធម្មតាឡើងវិញ បានពីរបីថ្ងៃហើយ។
ទោះជាទ្វារទឹកទំបន់វារីអគ្គិសនីកំចាយបើកក៏ដោយ ក៏ដំណើរការអា ជីវកម្មទូកទេសចរណ៍នៅលើដងព្រែកកំពត នៅតែបើកទទួលភ្ញៀវជានិច្ច។
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពត លោក សោម វិចិត្រ បានប្រាប់ឲ្យដឹងថា ដោយសារស្ថាន ភាពកាសធាតុល្អប្រសើរ ក្រុមហ៊ុនវារីអគ្គិសនីកំចាយ ស៊ីណូហាយឌ្រូ បានបិទទ្វាររំដោះទឹកចេញពីអាង ស្កុកទឹកវិញហើយ កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា នេះ ហើយស្ថានភាពកម្ពស់ទឹកទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃទី២៥ ខែកក្កដានេះ គិតមកដល់ពេលនេះ មានកម្ពស់១៤៨.២ម រំហូរចូល ៨៦.៧០ម៉ែត្រគូប ក្នុងមួយវិនាទី រំហូទឹកចេញ ១៧៨.២៨ម៉ែត្រគូប ក្នុងមួយវិនាទី ដើម្បីផលិតថាមពលបាន១៧៩.៣ម៉េហ្គាវ៉ាត់ (MW)។ ស្ថានភាពអាកាសធាតុនៅតំបន់វារីអគ្គិសនីល្អធម្មតាវិញហើយ មិនមានការបើកទ្វាររំដោះទឹក នោះទេ៕អត្ថបទ៖ អន សារឹម