ភ្នំពេញ៖ គម្រោងបោសសម្អាតមីនដើម្បីមនុស្សធម៌ និងការស្រាវជ្រាវការអភិវឌ្ឍន៍បច្ចេកទេសបោសសម្អាតមីន (HDR&D) របស់សហរដ្ឋអាមេរិក បានសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រៀបចំប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប ក្នុងការប្រមូលទិន្នន័យ និងពន្លឿនប្រតិបត្តិការបោសសំអាតមីននៅកម្ពុជា ។
ក្នុងជំនួបជាមួយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក Sean Burke នាយកកម្មវិធី HDR&D បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដែលគំាទ្រដោយសហរដ្ឋអាម៉េរិក និងនៅតែបន្តការគាំទ្របន្ថែមទៀត នាពេលអនាគតខាងមុខទៀត ។
ជាមួយនេះប្រធានកម្មវិធី HDR&D បានជំរុញទៅស៊ីម៉ាក់ អាចដាក់សំណើបន្ថែម ក្នុងកិច្ចសហប្រតិបត្តិការបោសសំអាតមីននេះ ហើយគម្រោងនេះ នឹងសិក្សាដើម្បីជួយបន្ថែមទៀត ដែលក្នុងនោះ ការងារធ្វើឲ្យប្រសើរឡើង នៃការរករុកគ្រាប់មីន តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើប ។
ក្នុងឱកាសនោះ ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា កាលពីអំឡុងកម្ពុជា មានការឆ្លងរាលដាលខ្លាំង នៃជំងឺកូវីដ-១៩ មានការលំបាកមួយចំនួនក្នុងការងារបោសសំអាតមីន ប៉ុន្តែកងកម្លាំងស៊ីម៉ាក់ នៅតែបន្តធ្វើការងាររបស់ខ្លួន ដោយមិនមានការផ្អាកនោះទេ ។
ឯកឧត្តម បានថ្លែងអំណរគុណដល់លោក Sean Burke ដែលបានសហការជួយជាកុំព្យូទ័រ និងថេបប្លែត រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីអភិវឌ្ឍសមត្ថភាពមន្រ្តីជំនាញក្នុងការប្រមូលទិន្នន័យក្នុងពន្លឿនប្រតិបត្តិការបោសសំអាតមីន ពិសេសការបោសសំអាតកាកសំណល់យុទ្ធភណ្ឌសង្រ្គាមនៅបាតទន្លេរ ដែលទាមទារឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាទំនើប ៕
អត្ថបទ៖ បាន សុខរិទ្ធិ



