ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ការធ្វើចរាចរមនុស្សចេញចូលប្រទេសថៃ ឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ ហាក់មានសភាពស្ងប់ស្ងាត់ តែទោះជាយ៉ាងណា មន្ត្រីពាក់ព័ន្ធទាំងអស់ ដែលឈរជើងប្រចាំការនៅច្រកទ្វារនេះ នៅតែបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ឬអុតស្វា ។
លោក ហ៊ូ តារារិទ្ធ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះ អ្នកដំណើរឆ្លងដែនចេញចូលទៅប្រទេសថៃ តាមច្រកអូរនេះ មានតិចតួចប៉ុណ្ណោះ តែទោះជាបែបនេះក្ដីមន្ត្រីពាក់ព័ន្ធទាំងអស់ នៅតែបន្តនិងកាន់តែពង្រឹងការត្រួតពិនិត្យ ដើម្បីធានាថា ពួកគេគ្មាននាំ ជំងឺកូវីដ-១៩ ឬអុតស្វា មកចម្លងបន្ថែមក្នុងសហគមន៍។
ការរឹតបន្តឹងនេះ បន្ទាប់ពីបុរសជនជាតិនីហ្សេរីយ៉ា ដែលត្រូវគេដឹងថា បានរត់គេចចេញពីប្រទេសថៃ មកកម្ពុជា កាលពីពេលថ្មីៗនេះ មានជំងឺអុតស្វា។
លោក បានបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ក្នុងចំណោមប្រជាពលរដ្ឋ ដែលបានឆ្លងដែលចេញ ចូលប្រទេសថៃ មិនត្រូវបានរកឃើញមានឆ្លងជំងឺកូវីដ-១៩នោះទេ ព្រោះពួកគេបានចាក់វ៉ាក់សាំងគ្រប់ដូសអស់ហើយ។
លោកប្រធានច្រកទ្វារព្រំដែនអូរស្មាច់ បានបញ្ជាក់ថា ភាពស្ងប់ស្ងាត់នៃចរាចរមនុស្សឆ្លងកាត់ព្រំ ដែនអូរស្មាច់ ម្យ៉ាងក៏ដោយសារ ប្រជាពលរដ្ឋ បានងាកទៅធ្វើដំណើរចូលប្រទេសថៃ តាមច្រកជាំសាងាំ ក្នុងទឹកដីខេត្តអន្លង់វែងវិញ ដែលនៅទីនោះ ភាគីអាជ្ញាធរកម្ពុជា-ថៃ មួយរយៈចុងក្រោយនេះ មានការសម្របសម្រួលគ្នាល្អ ផ្ដល់ភាពងាយស្រួលចំពោះអ្នកដំណើរ ពិសេសនោះចំពោះអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ ៕ អត្ថបទ៖ ឃិន សារិទ្ធ