UN៖ កាលពីពុធ ទី៣១ ខែមីនា ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ តាមដានស្ថានការណ៍នៅក្នុងសហភាពមីយ៉ាន់ម៉ា បានទទូចដល់ក្រុមប្រឹក្សាសន្តិសុខឲ្យចាត់វិធានការ នៅក្នុងវិបត្តិដែលកំពុងកើនឡើងរបស់ប្រទេសនៅអាស៊ីមួយនេះ ដោយព្រមានពីហានិភ័យនៃសង្គ្រាមស៊ីវិល និង “ការបង្ហូរឈាម” ដែលជិតមកដល់ ស្របពេលដែលរដ្ឋាភិបាលយោធាបង្ក្រាបយ៉ាងចាស់ដៃ លើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។

មនុស្សជាង ៥២០នាក់បានស្លាប់នៅក្នុងការធ្វើបាតុកម្មប្រចាំថ្ងៃ ចាប់តាំងពីយោធាបានផ្តួលរំលំមេដឹកនាំជាប់ឆ្នោតលោកស្រី Aung San Suu Kyi កាលពីថ្ងៃទី១ ខែកុម្ភៈ ដោយបញ្ឈប់ការពិសោធក្នុងរបបលទ្ធិប្រជាធិបតេយ្យ ដែលមានអាយុកាល ១ទសវត្សរ៍នៅក្នុងសហភាពមីយ៉ាន់ម៉ា។ យោងតាមសុន្ទរកថាដែលសារព័ត៌មាន AFP ទទួលបានឲ្យដឹងថា ប្រេសិតពិសេសលោកស្រី Christine Schraner Burgener បានប្រាប់អង្គប្រជុំបិទទ្វារថា ខ្ញុំសូមអំពាវនាវដល់ក្រុមប្រឹក្សានេះ ពិចារណារាល់វិធីសាស្ត្រដែលមានដើម្បីចាត់វិធានការរួមគ្នា និងធ្វើអ្វីដែលត្រឹមត្រូវ ជាអ្វីដែលប្រជាជនមីយ៉ាន់ម៉ាសមនឹងទទួលបាន និងការពារកុំឲ្យមានមហន្តរាយច្រើនរូបភាព។
កាលពីព្រឹកថ្ងៃពុធ ក្រុមអ្នកច្បាប់របស់លោកស្រី Aung San Suu Kyi បាននិយាយថា មេដឹកនាំដែលត្រូវគេបណ្ដេញចេញពីតំណែងរូបនេះ មានសុខភាពល្អធម្មតា ទោះបីជាត្រូវបានឃុំឃាំងអស់រយៈពេល ២ខែក៏ដោយ៕
អត្ថបទ៖ សុខមាន