ភ្នំពេញ៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអៈអាងថា ការផ្តល់ពុទ្ធឱវាទល្អៗនាំឲ្យយើងទាំងអស់គ្នាប្រតិបតិ្តដ៏ត្រឹមត្រូវ។
ការថ្លែងរបស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា យ៉ាងដូច្នេះនាឱកាសអញ្ជើញចូលរួមស្តាប់ក្នុងកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គម ដែលរៀបចំឡើងដោយនាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃអគ្គនាយកដ្ឋានកិច្ចការសាសនា, នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ នាទីស្តីការក្រសួង។
ឯកឧត្តម ឈិត សុខុន បានទូលប្រគេនទៀតថា កម្មវិធីនេះក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជម្រុញឱ្យក្រសួងធម្មការ និងសាសនា រៀបចំដឹកនាំផលិត ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងគោលបំណងលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏សូមថ្លែងអំណរព្រះគុណចំពោះធម្មកថិកាចារ្យគ្រប់ព្រះអង្គដែលបានចំណាយពេលវេលាដ៏មានតម្លៃនិមន្តមកផ្តល់ពុទ្ធឱវាទតាមរយៈកម្មវិធីនាទីព្រះពុទ្ទសាសនាផ្សារភ្ជាប់ នឹងសង្គម ដើម្បីចែករំលែកចំណេះដឹងដល់ប្រជាពុទ្ធបរិស័ទឱ្យប្រតិបត្តិលើមាគ៌ា ដ៏ត្រឹមត្រូវក្នុងជីវិតប្រចាំថ្ងៃ។ ប្រជាពុទ្ធបរិស័ទគប្បីត្រូវចងចាំ នូវឱវាទបីយ៉ាង ដែលព្រះអង្គទ្រង់បានទូន្មានដល់ពុទ្ធសាសនិកគ្រប់រូប គឺការមិនធ្វើនូវអំពើបាបទាំងពួង ការបំពេញនូវអំពើដែលជាកុសលទាំងពួង និងការធ្វើចិត្តរបស់ខ្លួនឲ្យល្អស្អាតផូរផង់។
ឯកឧត្តម ឈិត សុខុន បានលើកឡើងថា បន្ទាប់ពីរបបខ្មៅងងឹតនេះកន្លងផុតទៅ គឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានរំដោះព្រមទាំងមានការរីកចម្រើនស្ទើគ្រប់វិស័យ ទន្ទឹមនឹងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចំរើនគួរឱ្យកត់សម្គាល់ផងដែរ។
សូមបញ្ជាក់ផងដែរថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គម នៃក្រសួងធម្មការ និងសាសនា ផលិតបានចំនួន២៦៣លើក ស្មើនឹង៩១៤បាទនៃគាថា ដែលការសម្តែងក្នុងឱកាសនេះ បានលើកយកប្រធានបទព្រះធម៌យ៉ាងសំខាន់ៗ និងមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដូចជា ព្រះមហាព្រហ្មមុនី ទូច សាទរ ព្រះរាជាគណៈថ្នាក់ទោ ព្រះមេគណស្តីទីរាជធានីភ្នំពេញ ព្រះកំពង់ចាមជ័យអម្ពរមុនី កង ប៊ុនហៃ ព្រះមេគណគណៈធម្មយុត្តិកនិកាយ ខេត្តកំពង់ចាម និងព្រះទេសន៍ប្រជានិយម ផាយ រិទ្ធី ព្រះបាឡាត់គណ គណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន៕ អត្ថបទ ៖ រដ្ឋា











