បាល់ទាត់៖ អតីតខ្សែការពារ Liverpool, Daniel Agger នឹងចាប់ផ្ដើមអាជីពជាអ្នកចាត់ការ នៅក្លិបក្នុងលីគទីពីរដាណឺម៉ាក HB Koge នៅរដូវកាលក្រោយនេះ។ Daniel Agger ដែលមានអាជីពជាកីឡាករជាមួយ Liverpool ចន្លោះឆ្នាំ២០០៦ ដល់ ២០១៤ នឹងរួមការនេះជាមួយអតីតខ្សែការពារ Everton, Larc Jacobson ដែលត្រូវបានតែងតាំងជាគ្រូបង្គោល។

បុរសវ័យ ៣៦ឆ្នាំ Daniel Agger បាននិយាយថា HB Koge ជាកន្លែងសក្ដិសមបំផុតក្នុងការចាប់ផ្ដើមអាជីពជាអ្នកចាត់ការរបស់ខ្លួន។ ទាំង Daniel Agger និង Jacobson បានចុះហត្ថលេខាជាមួយ HB Koge រហូតដល់ឆ្នាំ២០២៤ និងមានមហិច្ចតានាំក្រុមឡើងទៅកាន់លីគកំពូលដាណឺម៉ាក Danish Super League ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ រំលឹកថា Daniel Aggerធ្លាប់បង្ហាញខ្លួនឲ្យ Liverpool នៅ Premier League ១៧៥លើកក្នុងរយៈពេល ៨ឆ្នាំនៅ Anfield។
មុនទៅកាន់ Liverpool, Agger គឺជាសមាជិករបស់ក្លិបដាណឺម៉ាក Brondby ដែលឈ្នះពានលីគដាណឺម៉ាកនៅឆ្នាំ២០០៦ ហើយបុរសវ័យ ៣៦ឆ្នាំរូបនេះក៏បានបញ្ចប់អាជីពកីឡាកររបស់ខ្លួននៅក្លិប Brondby នេះវិញផងដែរ៕
អត្ថបទ៖នាង សុភាវុធ